បាល់ទាត់អន្តរជាតិ
Barcelona ចង់នាំយក Aymeric Laporte មកជំនួសកន្លែងរបស់ Gerard Pique

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ជាថ្មីម្ថងទៀតថា កំពុងចង់ចុះហត្ថលេខាលើកីឡាករ Aymeric Laporte របស់ក្លឹបមេឃខៀវ Manchester City ដើម្បីជំនួសកន្លែងរបស់ Gerard Pique ដែលទើបនឹងចូលនិវត្តន៍នាពេលថ្មីៗនេះ។
យ៉ាងណាមិញបច្ចុប្បន្នខ្សែការពារកណ្ដាលដែលលេចធ្លោរ Ronald Araujo និង Jules Kounde មិនសូវបានបង្ហាញខ្លួនទៀតទាត់ឡើយនៅក្នុងរដូវកាលនេះ ដោយសារមានបញ្ហារបួសជាញឹកញាប់។ គ្រូបង្វឹកត្រូវបង្ខំចិត្តប្រើប្រាស់ Andreas Christensen, Eric Garcia និង Marcos Alonso ជាជម្រើសខ្សែការពារកណ្ដាលជំនួសវិញ។
យោងតាមសេចក្ដីរាយការណ៍របស់ Sport បានឲ្យដឹងថា ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte គឺជាគោលដៅផ្ទេរមួយរបស់ក្លឹប Barcelona នៅខែមករាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះក៏អះអាងបន្ថែមទៀតថា គោលដៅទីមួយរបស់ Barcelona គឺខ្សែការពារ Inigo Martinez របស់ Athletic Bilbao។
ប្រសិនបើមិនអាចនាំយក Inigo Martinez បានទេ នោះពួកគេនឹងព្យាយាមចុះហត្ថលេខាលើ Aymeric Laporte ជំនួសវិញ ដែលជាគោលដៅទីពីររបស់ខ្លួន។ ដូចគ្នានេះដែរបច្ចុប្បន្ន Laporte មិនសូវសប្បាយចិត្តនឹងជីវិតនៅក្លឹបអង់គ្លេស Manchester City ឡើយ ព្រោះត្រូវប្រជែងតំណែងគ្នាជាមួយ Nathan Ake, Ruben Dias, Manuel Akanji និង John Stones។
ប្រភព: Sportsmole