បាល់ទាត់អន្តរជាតិ
Kimpembe ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួត World Cup នៅកាតា

ខ្សែការពារកណ្តាលរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Presnel Kimpembe ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួត World Cup ឆ្នាំ 2022 ដែលនឹងចាប់ផ្ដើមឡើងនៅពេលមួយសប្ដាហ៍ខាងមុខនេះដោយសាររបួស។
យ៉ាងណាមិញកីឡាករវ័យ 27 ឆ្នាំរូបនេះបានព្យាយាមរក្សាទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អ នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនក្នុងអំឡុងរដូវកាលថ្មី 2022-23។ ទោះជាយ៉ាងណាដោយសារបញ្ហារបួស គាត់បានបង្ហាញខ្លួនត្រឹមតែ 11 ប្រកួតប៉ុណ្ណោះ នៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹប ក្រោមការដឹកនាំរបស់លោក Christophe Galtier។
Presnel Kimpembe បានទទួលរងរបួសសរសៃពួរធ្ងន់ធ្ងរនៅក្នុងការប្រកួត Ligue 1 ពេលប៉ះជាមួយក្លឹប Brest កាលពីថ្ងៃទី 9 ខែតុលា។ របួសនោះដែរ បានធ្វើឲ្យគាត់អវត្តមាន 8 ប្រកួត។ ក្រោយមកទៀត Kimpembe បានទទួលការព្យាបាលរបួសដោយជាសះស្បើយទាន់ពេលវេលា កាលពីសប្ដាហ៍មុន។
ទោះបីជាការត្រឡប់មកវិញនាពេលថ្មីៗនេះក៏ដោយ Kimpembe នៅតែមិនត្រូវបានគេចាត់ទុកថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងនៅប្រទេសកាតាដែរ ហើយត្រូវសហព័ន្ធបាល់ទាត់បារាំងរកអ្នកជំនួស ដោយជ្រើសយកខ្សែការពាររបស់ក្លឹប Monaco គឺកីឡាករ Axel Disasi វិញ។
ប្រភព: Sportsmole