បាល់ទាត់អន្តរជាតិ
Ashton United ដាក់ដំណើរខ្ចីជើង Erling Haaland រយៈពេល 28 ថ្ងៃ

ថ្មីៗនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចមួយ ដោយក្លឹប Manchester City ទទួលបានសំណើរមួយអំពីការខ្ចីជើងរយៈពេល 28 ថ្ងៃសម្រាប់ខ្សែប្រយុទ្ធ Erling Haaland ដែលជាការស្នើពីក្លឹប Ashton United ជាក្លឹបស្ថិតនៅលំដាប់ទី 7 នៃលីគរបស់អង់គ្លេស។
ជាការពិតណាស់ Erling Haaland នឹងមិនជាប់ភារកិច្ចទៅលេង World Cup នៅប្រទេសកាតាឆ្នាំនេះទេ បន្ទាប់ពីប្រទេសន័រវេសរបស់គាត់ មិនអាចដណ្ដើមកៅអីសម្រាប់ព្រឹត្តិការណ៍នេះបាន។ ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតរបស់ Manchester City ដែលនឹងអាចសម្រាកក្នុងអំឡុងពេលការប្រកួតរដូវរងារនេះ។
ក្នុងអំឡុងពេលនេះដែរ Ashton United ពិតជាអាចខ្ចីជើង Erling Haaland បាន ប្រសិនបើគាត់ និង Manchester City យល់ព្រម។ លើសពីនេះទៅទៀតគ្រូបង្វឹក Ashton United បានលើកឡើងថា “វាសមហេតុផលណាស់, Manchester City មិនមានការប្រកួតទេ ហើយយើងចង់ជួយរក្សាទម្រង់លេងរបស់ Haaland។ វាសមហេតុផលជាងទុកឲ្យគាត់លេងវាយកូនហ្គោលរយៈពេល 6 សប្តាហ៍ទៅទៀត”។
ប្រភព: Vanguardngr