Connect with us

បាល់ទាត់អន្តរជាតិ

Sadio Mane នឹង​ខកខាន​ការ​ប្រកួត​បើក​ឆាក​របស់​សេណេហ្គាល់ ដែល​ត្រូវ​ប៉ះ​ជា​មួយ​ហូឡង់

Published

on

ខ្សែប្រយុទ្ធ Sadio Mane របស់​ក្លឹប Bayern Munich ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​បណ្ដោះ​អាសន្ន​ពី​ការ​ប្រកួត​បើកឆាក​​របស់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​នៅ World Cup ឆ្នាំ 2022 ដោយ​សារ​របួស​ជើង​មិន​ទាន់​ជា​សះស្បើយ (នេះ​បើ​យោងតាម​អ្នក​នាំពាក្យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​របស់ប្រទេស​នេះ​បាន​លើកឡើង)។

កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​បារម្ភ​ជា​ខ្លាំង ដោយ​ស្ថិត​ក្នុង​ការ​សង្ស័យ​មិន​អាច​ប្រកួត​នៅ​ប្រទេស​កាតា​បាន បន្ទាប់​ពី​គាត់​រង​របួស​សរសៃ​ពួរ​ខាង​ស្តាំ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ដែល Bayern Munich ឈ្នះ 6-1 ទៅ​លើ​ក្រុម Werder Bremen កាល​ពី​ថ្ងៃអង្គារ​សប្តាហ៍​មុន។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ Sadio Mane ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​​កីឡាករ 26 នាក់​របស់​ប្រទេស​សេណេហ្គាល់ ហើយ​គ្រូ​បង្វឹក​លោក Aliou Cisse បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ខ្សែប្រយុទ្ធ​រូប​នេះ​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​សុខភាព​មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​មជ្ឈិមបូព៌ា។

សេណេហ្គាល់​នឹង​ចាប់​ផ្តើម​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​​ពូល​របស់​ពួក​គេ​ទល់​នឹង​គីឡូធ្ងន់​គួរ​សម គឺ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ មុន​នឹង​ជួប​ក្រុម​ម្ចាស់​ផ្ទះ​កាតា​នៅ​ថ្ងៃ​ទី 25 ខែ​វិច្ឆិកា និង​បន្ទាប់​មក​ជួប​ជា​មួយ​អេក្វាឌ័រ​​នៅ​ថ្ងៃ​ទី 29 ខែ​វិច្ឆិកា។ ដូច្នេះ​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ នឹង​មិន​មាន​វត្តមាន​របស់ Sadio Mane ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២