បាល់ទាត់អន្តរជាតិ
Lionel Messi បង្ហាញក្ដីសង្ឃឹមថា អាហ្សង់ទីននឹងអាចឡើងដល់វគ្គផ្ដាច់ព្រ័តដូចកាលពីឆ្នាំ 2014

មុនការប្រកួតបើកឆាកទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ ប្រធានក្រុមអាហ្សង់ទីន Lionel Messi បានលើកឡើងថា កីឡាករនៃក្រុមរបស់ខ្លួនដែលមកលេងនៅ FIFA World Cup ឆ្នាំ 2022 នេះ ធ្វើឲ្យគាត់នឹកឃើញដល់ក្រុមប្រកួតកាលពីឆ្នាំ 2014 ដែលពេលនោះពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត។
យ៉ាងណាមិញក្រុមពពកសអាហ្សង់ទីន បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត World Cup កាលពី 8 ឆ្នាំមុន ដែលកាលនោះ Lionel Messi ស្ទើរតែបានឈ្នះពាន World Cup ជាលើកដំបូងរបស់ខ្លួនទៅហើយ ប៉ុន្តែត្រូវបានចាញ់ក្នុងលទ្ធផល 1-0 ក្រោមថ្វីជើងក្រុមជម្រើសជាតិអាឡឺម៉ង់ ដោយម្ចាស់គ្រាប់បាល់គឺកីឡាករ Mario Gotze។ ចាប់តាំងពីពេលនោះមក អ្នកគាំទ្រអាហ្សង់ទីន មានការខូចចិត្តជាខ្លាំង និងគិតថា Messi ប្រហែលគ្មានវាសនាអាចលើកពាន World Cup ជាមួយប្រទេសរបស់ខ្លួននោះឡើយ។
យ៉ាងណាមិញថ្ងៃនេះពាក្យសម្ដីរបស់ Lionel Messi ហាក់ដូចជាបានផ្តល់នូវក្តីសង្ឃឹមសារជាថ្មីម្ដងទៀត ដោយខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain (PSG) រូបនេះបាននិយាយទៅកាន់អ្នកកាសែត Roy Nemer ថា ក្រុមជម្រើសជាតិរបស់គាត់នៅឆ្នាំនេះ ធ្វើឲ្យគាត់នឹកឃើញក្រុមរបស់គាត់កាលពីឆ្នាំ 2014 ដែលលេងបានយ៉ាងល្អ ពិសេសគឺការសហការគ្នាជាក្រុម និងបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យផងដែរ។
ជាការពិតណាស់ អាហ្សង់ទីននៅពេលនេះត្រូវបានមជ្ឃដ្ឋានបាល់ទាត់គិតថា នឹងអាចក្លាយជាក្រុមដែលឈ្នះពាន World Cup នៅឆ្នាំនេះ។ ក្រៅពី Lionel Messi ពួកគេមានកីឡាករឆ្នើមៗជាច្រើនដូចជា Lisandro Martinez, Cristian Romero, Angel Di Maria, Rodrigo De Paul, Lautaro Martinez និង Paulo Dybala ជាដើម។
ប្រភព: Sportskeeda