Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag កំពុង​ស្រមៃ​ចង់​បាន Vinicius Jr មក​ជំនួស​កន្លែង​របស់ Cristiano Ronaldo

Published

on

គ្រូបង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​កំណត់​គោល​ដៅ​ចង់​បាន​ខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Junior ដែល​ជា​បេក្ខភាព​ដ៏​សាកសម​បំផុត​សម្រាប់​ជំនួស​កន្លែង​របស់ Cristiano Ronaldo។

ក្លឹប​បិសាចក្រហម​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា កំពុង​ត្រៀម​បញ្ចប់​កុងត្រា​របស់ Cristiano Ronaldo មុន​កំណត់ បន្ទាប់​ពី​កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក Piers Morgan ដោយ​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Manchester United ហើយ​ត្រូវ​បាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ TalkTV កាល​ពី​សប្តាហ៍​មុន។

តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​ពី​ក្លឹប​បន្ទាប់​ពី​ការ​ប្រកួត World Cup 2022 បញ្ចប់។ ទន្ទឹម​នឹង​នេះ​ដែរ​ក្លឹប​បិសាចក្រហម នឹង​ត្រូវ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​ទៀត នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ខាង​មុខ។

យោងតាម​សារ​ព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា លោក Erik ten Hag មិន​មាន​សង្ឃឹម​ខ្លាំង​ក្នុង​ការ​នាំ​យក Vinicius Jr មក Old Trafford ឡើយ ខណៈ​ដែល​ក្លឹប​អធិរាជស Real Madrid បាន​ចាត់​ទុក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ជា​អនាគត​វែង​ឆ្ងាយ​របស់​ក្លឹប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ដដែល​នេះ​ដែរ​​បាន​​អះអាង​ថា ក្លឹប​បិសាចក្រហម​នឹង​មាន​ស្នៀត​ចុងក្រោយ​មួយ ដោយ​ផ្ដល់​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ឲ្យ Vinicius Jr ពិចារណា​ចាកចេញ​ពី Bernabeu ដែល​វា​ជា​ការ​​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ជាង​ប្រាក់​ខែ​បច្ចុប្បន្ន​របស់​គាត់ និង​ប្រគល់​អាវ​លេខ 7 ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៀត​ផង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២