បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ត្រៀមនាំយក Martinez មកជំនួសកន្លែងរបស់ Cristiano Ronaldo

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan គឺកីឡាករ Lautaro Martinez ដើម្បីក្លាយជាអ្នកជំនួសកន្លែងរបស់ Cristiano Ronaldo ដែលត្រូវបានក្លឹបបញ្ចប់កុងត្រាមុនកំណត់កាលពីប៉ុន្មានថ្ងៃមុន។
ជាការពិតណាស់ ក្នុងបទសម្ភាសន៍រវាង Cristiano Ronaldo ជាមួយលោក Piers Morgan នៅលើទូរទស្សន៍ TalkTV តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានវាយប្រហារចំៗទៅលើក្លឹបរបស់ខ្លួន ដែលធ្វើឲ្យក្លឹបបិសាចក្រហម ត្រូវបង្ខំចិត្តបញ្ចប់កុងត្រារបស់គាត់នៅ Old Trafford មុនកំណត់តែម្ដង។
បច្ចុប្បន្ននេះក្លឹបបិសាចក្រហម Manchester United មានតែ Anthony Martial ម្នាក់គត់ដែលលេងនៅតំបន់ប្រយុទ្ធកណ្ដាលបានល្អ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះតែងតែមានរបួសជាញឹកញាប់ ហើយក្លឹបត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតនៅខែមករាឆ្នាំ 2023 ខាងមុខ។
យោងតាម Fichajes បានឲ្យដឹងថា Lautaro Martinez គឺជាបេក្ខភាពដ៏សាកសមបំផុត ដើម្បីមកជំនួសកន្លែងរបស់ Cristiano Ronaldo។ កីឡាករវ័យ 25 ឆ្នាំរូបនេះ គឺជាខ្សែប្រយុទ្ធដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្លឹប Inter Milan ហើយក៏ជាខ្សែប្រយុទ្ធដែលតែងតែជួយដល់ក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងព្រឹត្តិការណ៍សំខាន់ៗថែមទៀតផង។ រដូវកាលនេះ Lautaro Martinez បង្ហាញខ្លួនបាន 21 ប្រកួតជាមួយ Inter Milan ដោយរកបានគ្រាប់បាល់ 8 គ្រាប់ និង 3 Assists។
ប្រភព: Sportsmole