បាល់ទាត់អន្តរជាតិ
Roberto Martinez ត្រៀមលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក
គ្រូបង្វឹកលោក Roberto Martinez បានប្រកាសថា រជ្ជកាលនៃការដឹកនាំរបស់គាត់ជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមរបស់ខ្លួនបានធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូលកាលពីម្សិលមិញនេះ។

ទោះបីជាស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាង FIFA ក៏ដោយ តែបែលហ្ស៊ិក អាចត្រឹមតែដណ្ដើមបានចំណាត់ថ្នាក់លេខ 3 ប៉ុណ្ណោះ ដោយតាមពីក្រោយប្រទេសម៉ារ៉ុក និងក្រូអាត ក្នុងពូល F។ ក្នុងចំណោម 3 ប្រកួតរបស់បែលហ្ស៊ិក ពួកគេឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ ដោយយកឈ្នះទៅលើកាណាដា។

យ៉ាងណាកាលពីប្រកួតជាមួយក្រូអាតម្សិលមិញនេះ បែលហ្ស៊ិកស្ទើរតែអាចដណ្ដើមបាន 3 ពិន្ទុដើម្បីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយទៅហើយ ប៉ុន្តែពួកគេបានធ្វើឲ្យបាត់បង់ឱកាសជាច្រើនពិសេស Romelu Lukaku។ ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 0 ស្មើ ធ្វើឲ្យបែលហ្ស៊ិកត្រូវហាលអាវត្រឹមវគ្គនេះតែម្ដង។
ដោយឡែកបន្ទាប់ពីការដឹកនាំរយៈពេល 6 ឆ្នាំកន្លះ ពេលនេះ Roberto Martinez បានសម្រេចចិត្តត្រៀមនឹងចាកចេញពីតំណែងរបស់គាត់ហើយ ស្របពេលជាមួយនឹងកុងត្រារបស់គាត់ក៏នឹងផុតកំណត់នៅចុងបញ្ចប់នៃយុទ្ធនាការប្រកួត World Cup នៅប្រទេសកាតាផងដែរ។

ប្រភព: Sportsmole
