បាល់ទាត់អន្តរជាតិ
ជួបជាមួយអូស្ត្រាលីនៅរំលងអាធ្រាតនេះ គឺជាការប្រកួតទី 1000 នៃអាជីពបាល់ទាត់របស់ Lionel Messi
កាពីតែនក្រុមរបស់ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន Lionel Messi នឹងបង្ហាញខ្លួនលើកទី 1000 នៅក្នុងអាជីពបាល់ទាត់របស់គាត់ ខណៈដែលការប្រកួតជាមួយអូស្ត្រាលីនៅម៉ោង 2:00 រំលងអាធ្រាតនេះ គឺការប្រកួតវគ្គ 16 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022។
យ៉ាងណាមិញការប្រកួតជាមួយប៉ូឡូញកាលពីប៉ុន្មានថ្ងៃមុន គឺជាប្រកួតលើកទី 999 របស់ Lionel Messi។ កីឡាករឆ្នើមរូបនេះបានបង្ហាញខ្លួនយ៉ាងច្រើនចំនួន 778 លើកសម្រាប់អតីតក្លឹបចាស់ FC Barcelona និង 53 លើក សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់ Paris Saint-Germain (PSG) និងផ្សេងពីនោះគឺបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់។
ទន្ទឹមនឹងនេះដែរ Lionel Messi ប្រហែលជាមិនមានពេលវេលាច្រើនប៉ុន្មានទៀតឡើយ សម្រាប់អាជីពបាល់ទាត់របស់ខ្លួន ខណៈដែលបច្ចុប្បន្នគាត់មានវ័យ 35 ឆ្នាំទៅហើយ។ មិនតែប៉ុណ្ណោះ Lionel Messi ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ដែរថា World Cup ឆ្នាំនេះ គឺជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់គាត់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។
ម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះ រកបាន 2 គ្រាប់ហើយក្នុងព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup 2022។ គាត់បានស៊ុតបាល់ប៉េណាល់ទី 1 គ្រាប់ អំឡុងពេលប្រកួតចាញ់ 2-1 ជាមួយអារ៉ាប៊ីសាអូឌីត និងបន្ទាប់មកគាត់បានស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់ កំឡុងពេលដែលអាហ្សង់ទីនបានយកឈ្នះ 2-0 ទល់នឹងម៉ិកស៊ិកូ។
ប្រភព: Sportskeeda