បាល់ទាត់អន្តរជាតិ
Liverpool នឹងចុះហត្ថលេខាលើ Dusan Vlahovic ប្រសិនបើ Darwin Nunez ចាកចេញ

ក្លឹបហង្សក្រហម Liverpool អាចនឹងពិចារណាលើការផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹបសេះបង្កង់ Juventus ប្រសិនបើ Darwin Nunez ចាកចេញពីក្លឹបនាពេលខាងមុខនេះ។
យ៉ាងណាមិញ Darwin Nunez ទើបតែមកដល់ Anfield ក្នុងកិច្ចព្រមព្រៀងផ្ទេរតម្លៃ 85 លានផោនពី Benfica កាលពីរដូវក្តៅកន្លងទៅ ហើយបានធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិនៃការផ្ទេររបស់ក្លឹបហង្សក្រហម Liverpool។
ដោយឡែកប៉ុន្មានខែដំបូង កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះមិនបានបង្ហាញគុណភាពនៃការលេងតាមការរំពឹងទុករបស់អ្នកគាំទ្រនោះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទម្រង់លេងរបស់ Darwin Nunez ហាក់ដូចជាប្រសើរឡើងវិញ ដោយស៊ុតបញ្ចូលទីចំនួន 9 គ្រាប់ និង Assists ចំនួន 2 ដង ក្នុងការបង្ហាញខ្លួន 18 ប្រកួត។
ខ្សែប្រយុទ្ធកណ្ដាល Darwin Nunez បានចុះកុងត្រាជាមួយក្រុមរបស់លោក Jurgen Klopp រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2027-2028 ប៉ុន្តែមានការលើកឡើងថា ក្លឹបអធិរាជស Real Madrid កំពុងរៀបចំផែនការផ្ទេរកីឡាកររូបនេះសម្រាប់ជាអនាគតដ៏វែងឆ្ងាយ។
ទន្ទឹមនឹងនេះដែរលោក Carlo Ancelotti បានចាប់ផ្តើមស្វែងរកបេក្ខភាពដែលជំនួសតំណែងម្ចាស់ពាន Ballon d’Or Karim Benzema ដែលឈានចូលដល់វ័យ 35 ឆ្នាំនៅចុងខែនេះ។ Carlo Ancelotti បានកំណត់ថា Darwin Nunez ជាគោលដៅដែលមានអាទិភាពបំផុត។
យោងតាមរបាយការណ៍របស់ Calciomercatoweb បានឲ្យដឹងថា ប្រសិនបើការតាមប្រមាញ់របស់ក្លឹបអធិរាជសទៅលើ Darwin Nunez ទទួលបានជោគជ័យនោះ ក្លឹបហង្សក្រហម Liverpool នឹងនាំយកខ្សែប្រយុទ្ធរបស់ Juventus គឺកីឡាករ Vlahovic មកតំបន់ប្រយុទ្ធកណ្ដាលរបស់ពួកគេ។
ប្រភព: Sportsmole