បាល់ទាត់អន្តរជាតិ
Barcelona កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Gabriel Martinelli

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទម្រង់លេងរបស់កីឡាករ Gabriel Martinelli នៅក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។ ក្លឹបយក្សនៅកាតាឡាន់ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធស្លាបរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះ។
យ៉ាងណាមិញកីឡាករវ័យ 21 ឆ្នាំរូបនេះមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង សម្រាប់ក្លឹបកាំភ្លើងធំក្នុងអំឡុងយុទ្ធនាការឆ្នាំ 2022-2023 នេះ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង ក្នុងការបង្ហាញខ្លួន 20 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
Gabriel Martinelli បច្ចុប្បន្នកំពុងនៅជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ដោយបានបង្ហាញខ្លួនចំនួន 3 ដង ក្នុងនាមជាកីឡាករបម្រុងប្ដូរចូល និងបានលេង 90 នាទីពេញនៃការប្រកួតចាញ់ 1-0 ជាមួយក្រុមជម្រើសជាតិកាមេរូននៅថ្ងៃទី 2 ខែធ្នូកន្លងទៅ។
យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា Barcelona អាចមានភាគរយខ្ពស់ក្នុងការនាំយក Gabriel Martinelli បានដោយជោគជ័យ ព្រោះកីឡាករប្រេស៊ីលរូបនេះ ហាក់ដូចជាពេញចិត្តក្នុងការចង់ផ្លាស់ប្ដូរជីវិតថ្មីនៅទឹកដី Camp Nou ហើយខ្សែប្រយុទ្ធរូបនេះនៅសល់កុងត្រាតែជាង 18 ខែទៀតប៉ុណ្ណោះ ជាមួយក្លឹបកាំភ្លើងធំ Arsenal។
ប្រភព: Sportsmole