បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធម្នាក់របស់ប្រេស៊ីល សារភាពថា ខ្លួនចង់ឃើញ Lionel Messi យំ

អតីតខ្សែប្រយុទ្ធម្នាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល Fred រឺ Frederico Chaves Guedes បានសារភាពថា គាត់ចង់ឲ្យប្រទេសរបស់គាត់ជួបជាមួយអាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំនេះ ដើម្បីឲ្យគាត់អាចមើលឃើញ Lionel Messi យំ។
យ៉ាងណាមិញនៅពេលនេះ ការប្រកួត FIFA World Cup បានឈានដល់វគ្គ 8 ក្រុមចុងក្រោយហើយ ហើយក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវជួបតតាំងជាមួយក្រូអាតក្នុងវគ្គនេះផងដែរ។ ការប្រកួតនឹងធ្វើឡើងនៅម៉ោង 10 យប់នេះ ហើយប្រសិនបើពួកគេឈ្នះក្រូអាត ហើយអាហ្សង់ទីន ឈ្នះហូឡង់ នោះប្រេស៊ីល នឹងជួបជាមួយអាហ្សង់ទីននៅវគ្គ 4 ក្រុមចុងក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមទាំង 2 ជួបគ្នា ប្រេស៊ីលប្រហែលជាអាចយកឈ្នះអាហ្សង់ទីនដែលដឹកនាំដោយប្រធានក្រុម Lionel Messi បាន ដោយផ្អែកតាមទម្រង់លេងដ៏លេចធ្លោររបស់ពួកគេនៅពេលនេះ។
Messi គឺជាធាតុចំណុចដ៏សំខាន់នៅក្នុងជ័យជម្នះកន្លងមករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។ ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធប្រេស៊ីលលោក Fred មានបំណងចង់ឃើញ Messi បរាជ័យនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើប្រទេសរបស់គាត់ត្រូវជួបជាមួយអាហ្សង់ទីន។ គាត់បានប្រាប់ ESPN ថា៖ “ខ្ញុំចង់ឲ្យប្រេស៊ីល និងអាហ្សង់ទីន ជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។… ខ្ញុំចង់ឲ្យ Messi យំ”។
ប្រភព: Mirror