បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 នៅអង់គ្លេស ដាក់សំណើរដេញថ្លៃខ្សែការពារវ័យ 20 ឆ្នាំរបស់ក្រុមជម្រើសជាតិក្រូអាត

ក្លឹបបិសាចក្រហម Manchester United, Manchester City និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើរដេញថ្លៃ ពាក់ព័ន្ធនឹងការផ្ទេរខ្សែការពារកណ្តាលរបស់ក្លឹប RB Leipzig និងជាកីឡាកររបស់ក្រុមជម្រើសជាតិក្រូអាត Josko Gvardiol។
យ៉ាងណាមិញកីឡាករវ័យ 20 ឆ្នាំរូបនេះកំពុងមានទម្រង់លេងយ៉ាងល្អជាពិសេសនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ដោយលេងបានពេញម៉ោងនៃការប្រកួតចំនួន 5 របស់ក្រូអាតពេលប៉ះជាមួយម៉ារ៉ុក, កាណាដា, បែលហ្សិក, ជប៉ុន និងប្រេស៊ីល។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ Josko Gvardiol បានបន្តដំណើរជាមួយក្រុមជម្រើសជាតិនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រៀមនឹងប៉ះជាមួយអាហ្សង់ទីននៅប៉ុន្មានថ្ងៃខាងមុខនេះ។
Josko Gvardiol មិនទាន់បានសម្រេចចិត្តលើអនាគតរបស់ខ្លួន ក្នុងអំឡុងពេលនេះទេ ពោលគឺអ្វីៗត្រូវអូសបន្លាយរហូតដល់ក្រោយការប្រកួត World Cup។ ទោះជាយ៉ាងនេះក្ដី ខ្សែការពារឆ្នើមរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន RB Leipzig នៅពេលឆាប់ៗខាងមុខនេះ។
យោងតាមរបាយការណ៍ពី Foot Mercato បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United, Manchester City និងតោខៀវ Chelsea សុទ្ធតែបានដាក់សំណើរផ្ទេរយកខ្សែការពារកណ្តាលរូបនេះ។ របាយការណ៍ដដែលនេះដែរ ក៏បានអះអាងថែមទៀតថា សំណើររបស់ក្លឹប Manchester United និង Chelsea មានទំហំទឹកប្រាក់ចន្លោះពី 90 លានអឺរ៉ូ (77.4 លានផោន) ដល់ 95 លានផោន (81.7 លានផោន) ខណៈដែល Manchester City បានដាក់សំណើរដេញថ្លៃរហូតដល់ 100 លានអឺរ៉ូ (86 លានផោន)។
ប្រភព: Sportsmole