បាល់ទាត់អន្តរជាតិ
Tottenham Hotspur និងតោខៀវ Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធសាច់ដុំធំ Adama Traore
ខ្សែប្រយុទ្ធស្លាប Adama Traore កំពុងមានចំណាប់អារម្មណ៍ និងសង្ឃឹមថា រូបគេអាចចាកចេញពីក្លឹបបច្ចុប្បន្ន Wolves មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះត្រូវបិទបញ្ចប់ នេះបើយោងតាមអ្វីដែលគេហទំព័រ 90min.com បានចុះផ្សាយ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់កុងត្រារយៈពេលត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹប Wolverhampton ហើយគាត់ទើបតែបានចំណាយពេលពាក់កណ្តាលរដូវកាល នៅរដូវកាលមុន ក្នុងការខ្ចីជើងទៅ Barcelona ហើយសង្ឃឹមថា ក្លឹបយក្សកាតាឡាន់មួយនេះនឹងអាចទិញផ្ដាច់កុងត្រារបស់គាត់ ប៉ុន្តែទីបំផុត Barcelona បានបដិសេធ ដោយឲ្យគាត់ត្រឡប់មកក្លឹបចាស់ Wolves វិញ។
យ៉ាងណាក្ដី របាយការណ៍ចុងក្រោយមួយបានលើកឡើងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹបតោខៀវ Chelsea កំពុងតាមដានពីស្ថានភាពរបស់ Adama Traore។ លើសពីនេះទៅទៀត កាលពីខែមករាដើមឆ្នាំកន្លងទៅ Tottenham Hotspur ស្ទើរតែបាននាំយក Adama Traore បានរួចទៅហើយ ប៉ុន្តែពេលនោះគាត់បានសម្រេចចិត្តជ្រើសរើសការខ្ចីជើងទៅក្លឹបចាស់ Barcelona ជំនួសវិញ។
សម្រាប់ក្លឹបតោខៀវ Chelsea ក៏កំពុងស្វែងរកកីឡាករដែលលេងស្លាបស្ដាំបានល្អ និងអាចចុះជួយដល់តំបន់ខ្សែការពារស្លាបរបស់ Reece James ហើយពួកគេគិតថា Adama Traore ក៏សាកសមផងដែរ។ ជាមួយនឹងកុងត្រានៅក្រោមរយៈពេល 12 ខែ Adama Traore អាចមានតម្លៃផ្ទេរប្រហែលជា 15 លានផោន រឺតិចជាងនេះ ហើយជាឱកាសល្អរបស់ក្លឹបដែលចង់បានគាត់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa