បាល់ទាត់អន្តរជាតិ
Xavi សារភាពថា ពេលមាន Pedri និង De Jong នៅលើទីលានប្រកួត ធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់ចិត្តបំផុត
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានសរសើរដល់ខ្សែបម្រើកណ្តាល Pedri និង Frenkie de Jong បន្ទាប់ពីកីឡាករទាំងពីររូបនេះបានត្រឡប់ពីរបួស នឹងអាចចូលលេងបានពេលប៉ះ Atletico Madrid កាលពីម្សិលមិញ។ ខ្សែបម្រើទាំងពីរដែលមាន Pedri និង Frenkie de Jong សុទ្ធតែបានចូលលេងក្នុងជំនួបដែលពួកគេទទួលបានជ័យជម្នះ 1-0 ទៅលើក្រុមរបស់លោក Diego Simeone។
ជ័យជម្នះទៅលើ Atletico Madrid នេះដែរ បានធ្វើឲ្យ Barcelona បន្តឈរនៅកំពូលតារាងដោយនាំមុខ 11 ពិន្ទុ ពីក្រុមលេខពីរ Real Madrid។ ក្ដីសង្ឃឹមតែមួយគត់របស់ក្លឹបយក្សកាតាឡាន់នៅពេលនេះ គឺការឈ្នះពានលីគកំពូលរបស់អេស្ប៉ាញ ដែលពួកគេបានខកខានទទួលបានវាតាំងពីឆ្នាំ 2019 ពេលដែលតារាឆ្នើម Lionel Messi នៅម្ល៉េះ។
បន្ទាប់ពីការប្រកួតដែលក្រុមរបស់ខ្លួនទទួលបានជ័យជម្នះលោក Xavi Hernandez បាននិយាយអំពីខ្សែបម្រើសំខាន់របស់ខ្លួន ដោយបានបញ្ជាក់ថា គាត់សប្បាយចិត្តនៅពេលដែលមានអ្នកទាំងពីរ (Pedri និង Frenkie de Jong) បង្ហាញខ្លួននៅលើទីលានប្រកួតសម្រាប់ Barcelona។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងថា៖ “Frenkie de Jong លេងពោរពេញដោយទំនុកចិត្តណាស់ ហើយ Pedri បានផ្លាស់ប្តូរស្ថានភាពរបស់ក្រុមនៅពេលគាត់មក។ ខ្ញុំពិតជាមានអារម្មណ៍ស្ងប់ចិត្ត នៅពេលដែល De Jong និង Pedri នៅទីនេះ”។
ប្រភព: Barcablaugranes