បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Willian នឹងត្រឡប់មក Premier League វិញនៅរដូវកាលនេះ
យោងតាមរបាយការណ៍ក្ដៅៗចុងក្រោយពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Willian Borges da Silva ទើបតែបានបញ្ចប់ការធ្វើតេស្តសុខភាពនៅទីក្រុងឡុងដ៍ ហើយបន្ទាប់មកគាត់នឹងចុះកុងត្រា ក្នុងនាមជាកីឡាករចំណូលថ្មីរបស់ក្លឹប Fulham ជាមួយនឹងកុងត្រារយៈពេលមួយឆ្នាំ។
យ៉ាងណាមិញ Willian បានត្រឡប់មកកាន់ជីវិតនៅ Premier League ជាថ្មីម្ដងទៀត ដោយវាជាកន្លែងដែលធ្លាប់ធ្វើឲ្យគាត់លេចធ្លោរខ្លាំង ពិសេសក្នុងកំឡុងពេលលេងឲ្យក្លឹបតោខៀវ Chelsea ឆ្នាំ 2013 ដល់ 2020។
ក្រោយមកទៀត ដោយសារទម្រង់លេងហាក់មិនសូវល្អ ក្លឹបតោខៀវបានអនុញ្ញាតឲ្យ Willian ចាកចេញទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ដោយគ្មានតម្លែខ្លួននៅឆ្នាំ 2020 ហើយនៅឆ្នាំបន្ទាប់ កីឡាកររូបនេះបានចាកចេញពី Arsenal ទៅកាន់ក្លឹបអតីតក្លឹបចាស់ Corinthians ដែលជាក្លឹបស្ថិតនៅក្នុងប្រទេសប្រេស៊ីល ហើយក៏ជាទឹកដីកំណើតរបស់គាត់ផងដែរ។
ខ្សែប្រយុទ្ធស្លាបវ័យ 34 ឆ្នាំរូបនេះ បានឃ្លាតឆ្ងាយពី Premier League អស់រយៈពេលមួយឆ្នាំប៉ុណ្ណោះ ហើយកំពុងទទួលបានពន្លឺជាថ្មីម្ដងទៀត ដោយចូលរួមជាមួយក្លឹប Fulham ខណៈដែលបច្ចុប្បន្នគាត់គឺជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប Corinthians។
ប្រភព: Fabrizio Romano