បាល់ទាត់អន្តរជាតិ
Di Maria ទស្សន៍ទាយថា ក្រុមមួយនេះនឹងឈ្នះពាន UCL
ថ្មីៗនេះខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Juventus គឺកីឡាករ Angel Di Maria បានព្យាករណ៍ថា ក្លឹបអធិរាជស Real Madrid នឹងឈ្នះពាន UEFA Champions League នៅរដូវកាលនេះ។ Di Maria បានអះអាងថា អតីតក្លឹបចាស់របស់គាត់នឹងយកឈ្នះ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័តដើម្បីដណ្ដើមពានតែម្ដង។
យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុន Real Madrid បានប្រកួតក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Manchester City ជាការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងដី Santiago Bernabeu។ លទ្ធផលនេះដែរ ធ្វើឲ្យគ្រប់យ៉ាងត្រូវសម្រេចនៅក្នុងការប្រកួតជើងទីពីរនៃទឹកដី Man City ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 18 ខែឧសភា ខាងមុខ។
ថ្វីត្បិតតែការប្រកួតកាត់សេចក្ដីត្រូវធ្វើឡើងនៅក្នុងដីរបស់ Man City ប៉ុន្តែ Di Maria នៅតែជឿជាក់លើ Real Madrid ដែលជាអតីតក្រុមរបស់គាត់ ដោយពួកគេអាចទម្លាក់ Man City បាន។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រាប់ទៅកាន់ The Residency ថា៖ “ខ្ញុំគិតថា Real Madrid នឹងយកឈ្នះ Manchester City ហើយឡើងទៅឈ្នះពាន UCL”។
ប្រភព: Sportskeeda