បាល់ទាត់អន្តរជាតិ
De Jong នឹងមិនចាកចេញពី Barcelona ឡើយ បើទោះបីជាអស់ឱកាសលេងពាន UCL ក៏ដោយ
ខ្សែបម្រើឆ្នើម Frenkie de Jong ត្រូវបានគេរាយការណ៍ថា មិនមានបំណងចង់ចាកចេញពី Barcelona នៅខែមករា ដើមឆ្នាំ 2023 នេះឡើយ បើទោះបីជាស្ថានភាពបច្ចុប្បន្នរបស់ក្លឹប បានអស់ឱកាសក្នុងការលេងពាន UEFA Champions League ក៏ដោយ។
កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅនេះ និងចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។ ដូចគ្នានេះដែរ ក្លឹបបិសាចក្រហមពិតជាបានតាមព្យាយាមលួងលោមគាត់ អស់រយៈពេលជាយូរមកហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ វាគឺជាបំណងធំរបស់លោក Erik ten Hag។
យ៉ាងណាមិញ De Jong នៅតែព្យាយាមបន្តរួមរស់នៅជាមួយ Barcelona ហើយគាត់បានក្លាយជាកីឡាករសំខាន់បន្តទៀតសម្រាប់ក្លឹបនៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនសរុប 15 ប្រកួត ក្រោមការដឹកនាំរបស់លោក Xavier Hernandez។
ផ្ទុយមកវិញ ប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្សែបម្រើរូបនេះ កំពុងបង្កបញ្ហាដល់ក្លឹប ហើយក្លឹបនៅតែចង់លក់គាត់ចេញ។ ដូចគ្នានេះដែរ សមត្ថភាពរបស់ De Jong ត្រូវបានគេគិតថា ប្រសិនបើគាត់ចាកចេញទៅបិសាចក្រហមនៅខែមករាខាងមុខនេះ នោះតម្លៃផ្ទេរនឹងច្រើនជាង 70 លានផោន ហើយវាជាអ្វីដែលក្លឹប Barcelona ចង់បាន។
យោងតាមរបាយការណ៍ពី Sport បានឲ្យដឹងថា ទោះបីជាសំណើរដ៏ល្អ ស្ទើរតែមិនអាចប្រកែកបានក៏ដោយ Frenkie de Jong មិនមានបំណងចរចា រឺស្ដាប់ហេតុផលណាមួយឡើយ ដោយគាត់នៅតែរក្សាគោលដំហរស្នាក់នៅ Barcelona បន្តទៀត។
ប្រភព: Sportsmole