បាល់ទាត់អន្តរជាតិ
Xavi បញ្ជាក់ថា Hector Bellerin សុំចាកចេញពីក្លឹប
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបញ្ជាក់ថា ខ្សែការពារស្តាំ Hector Bellerin បានស្នើសុំចាកចេញពីក្លឹប ស្របពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅលីគព័រទុយហ្គាល់ Sporting Lisbon។
យ៉ាងណាមិញកីឡាករវ័យ 27 ឆ្នាំរូបនេះបានត្រឡប់មកកាន់អតីតក្លឹបចាស់កាតាឡាន់វិញ កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីប្រកបអាជីពនៅទឹកដីអង់គ្លេសរយៈពេល 11 ឆ្នាំជាមួយក្លឹបកាំភ្លើធំ Arsenal។ Hector Bellerin បានចាកចេញពីក្រុមយុវជនរបស់ La Masia ក្នុងឆ្នាំ 2011 ដើម្បីចូលរួមជាមួយក្រុមកាំភ្លើងធំ។
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បានចុះកុងត្រាត្រឹមតែរយៈពេល 12 ខែប៉ុណ្ណោះជាមួយក្រុមរបស់លោក Xavi បន្ទាប់ពីការចាកចេញពី Arsenal ដោយគ្មានតម្លៃខ្លួន។ ទោះជាយ៉ាងណានៅ Camp Nou គាត់មិនមានទម្រង់លេងលេចធ្លោរឡើយ ហើយក៏មិនមែនជាជម្រើសសំខាន់សម្រាប់ក្លឹបផងដែរ។ រដូវកាលនេះ Hector Bellerin បានបង្ហាញខ្លួនត្រឹមតែ 5 ដងប៉ុណ្ណោះ នៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់របស់ Barcelona ដោយមិនបានរួមចំណែករកគ្រាប់បាល់ រឺ Assist អ្វីឡើយ។
ប្រភព: Sportsmole