បាល់ទាត់អន្តរជាតិ
PSG ត្រៀមប្រកាសចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino
គ្រូបង្វឹកលោក Mauricio Pochettino បានយល់ព្រមចែកផ្លូវគ្នាជាមួយ Paris Saint-Germain បន្ទាប់ពីមានកិច្ចចរចារដ៏តឹងតែងមួយរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបកាលពីសប្តាហ៍មុន។
អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham បានចំណាយពេល 18 ខែ នៅក្នុងប្រទេសបារាំង ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុករបស់ក្លឹប ក៏ដូចជាអ្នកគាំទ្រឡើយ ដោយលោក Pochettino បានបរាជ័យក្នុងការប្រកួតប្រជែងពាន UEFA Champions League និងខកខានឈ្នះពានលីកកាលពីឆ្នាំមុន (2021) ផងដែរ។
ក្លឹប PSG បានធ្លាក់ចេញពី UCL ក្រោមថ្វីជើងរបស់ក្លឹប Real Madrid នៅរដូវកាលនេះ ហើយធ្វើឲ្យលោក Pochettino មានសម្ពាធជាខ្លាំង ដោយសារពួកគេមានកីឡាករល្អៗជាច្រើន ជាពិសេសមានខ្សែប្រយុទ្ធដែលមានគុណភាពទាំងបីរូបខាងលើ។
គោលដៅរបស់ PSG មិនមែនជាការឈ្នះពាន Ligue 1 នោះទេ ព្រោះពាននេះគេឈ្នះច្រើនពេកទៅហើយ ប៉ុន្តែសម្រាប់ការឈ្នះ UEFA Champions League គឺជាក្ដីប្រាថ្នារបស់ក្លឹប ព្រោះពាននេះ ក្លឹបយក្សបារាំងមិនដែលឈ្នះសូម្បីតែម្ដង។
បច្ចុប្បន្នកុងត្រារបស់លោក Pochettino នឹងត្រូវផុតកំណត់នៅឆ្នាំ 2023 ប៉ុន្តែរបាយការណ៍ពី Athletic បានលើកឡើងថា ក្រុមប្រឹក្សាភិបាលរបស់ក្លឹប នឹងឲ្យគាត់ចុះចេញពីតំណែង។
ដោយឡែកលោក Zinedine Zidane នឹងមកដឹកនាំជំនួសតំណែងរបស់លោក Pochettino ដោយអតីតគ្រូបង្វឹករបស់ក្លឹប Real Madrid នឹងត្រូវបានក្លឹបទុកចិត្តក្នុងការជួយឲ្យពួកគេអាចឈ្នះពាន UCL បាន។
ប្រភព: Metro