បាល់ទាត់អន្តរជាតិ
Varane សារភាពថា Messi ជាខ្សែប្រយុទ្ធដ៏ល្អបំផុត ក្នុងចំណោមកីឡាករទាំងអស់ដែលគាត់ធ្លាប់តទល់ជាមួយ
ជាងដប់ឆ្នាំនៃអាជីពបាល់ទាត់របស់ខ្សែការពារ Raphael Varane មានកីឡាករ និងខ្សែប្រយុទ្ធច្រើននាក់ណាស់ ដែលគាត់ធ្លាប់លេងតទល់ជាមួយ។ Varane ចាប់ផ្ដើមអាជីពដំបូងជាកីឡាករដែលលេងឲ្យក្លឹប Lens ហើយនៅឆ្នាំ 2011 ក៏បានចុះហត្ថលេខាផ្ទេរមក Real Madrid។
ខ្សែការពាររូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏ឆ្នើមមួយរូប និងធ្លាប់បានឈ្នះពានធំៗជាច្រើនដូចជា UEFA Champions League បួនដង, ពានលីគកំពូល La Liga បីដង និងធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup មួយផងដែរ។
កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍មួយដែលធ្វើឡើងដោយគេហទំព័រ Goal.com ពាក់ព័ន្ធនឹងសំណួរមួយដែលសួរទៅ Varane អំពីកីឡាករដែលល្អបំផុត ក្នុងចំណោមកីឡាករដែលធ្លាប់ជាគូប្រជែងរបស់គាត់ ពេលនោះ Varane បានឆ្លើយថា៖ “Messi, Leo Messi ពីព្រោះគាត់ពិតជាលឿនខ្លាំងណាស់ គាត់គឺជាខ្សែប្រយុទ្ធដ៏ល្អ, គ្រប់គ្នាបានដឹងច្បាស់ពីជើងឆ្វេងរបស់គាត់, ដូច្នេះគាត់ជាកីឡាករល្អណាស់”។
ដូចគ្នានេះដែរ នៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ Varane បានជ្រើសរើស Cristiano Ronaldo ជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ ដោយអ្នកទាំងពីរកំពុងស្ថិតនៅក្លឹបបិសាចក្រហម Manchester United ជាមួយគ្នា និងធ្លាប់ជាមិត្តរួមក្រុមចាស់ពេលនៅ Real Madrid។
ប្រភព: Goal.com