បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធអាហ្សង់ទីន Castellanos ស៊ុតបញ្ចូលទី 4 គ្រាប់ម្នាក់ឯងទៅលើ Real Madrid បង្កើតកំណត់ត្រាស្រដៀងគ្នានឹង Lewandowski
កាលពីរំលងអាធ្រាតយប់មិញនេះក្លឹបអធិរាជស Real Madrid បានចាញ់ម្ចាស់ផ្ទះ Girona ក្នុងលទ្ធផល 4 ទល់នឹង 2 នៅក្នុងការប្រកួតក្របខណ្ឌ La Liga។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ 4 គ្រាប់របស់ក្លឹប Girona គឺជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Taty Castellanos។ គ្រាប់បាល់ទាំង 4 គ្រាប់របស់ខ្សែប្រយុទ្ធរូបនេះកើតឡើងនៅនាទីទី 12, 24, 46 និង 62។
គ្រប់គ្នាទទួលស្គាល់ថា Real Madrid គឺជាក្លឹបមួយដែលជោគជ័យបំផុតនៅតំបន់អឺរ៉ុប។ ពួកគេជាក្រុមដែលខ្លាំងទាំងប្រព័ន្ធការពារ, បម្រើ និងប្រយុទ្ធ ហើយថែមទាំងជាក្លឹបដែលបានឈ្នះកំណត់ត្រា UEFA Champions League ចំនួន 14 ដង និងពានរង្វាន់ La Liga ចំនួន 35 ដង។
មិនមានកីឡាករច្រើនទេ ដែលអាចស៊ុតបញ្ចូលទីពេលលេងតទល់នឹង Real Madrid ហើយវាកាន់តែកម្រថែមទៀត ក្នុងការរកគ្រាប់បាល់ឲ្យបានច្រើន។ យ៉ាងណាកាលពីរំលងអាធ្រាតយប់មិញនេះខ្សែប្រយុទ្ធ Taty Castellanos បានស៊ុតបញ្ចូលទីរហូតដល់ 4 គ្រាប់ម្នាក់ឯងក្នុងការប្រកួតទល់នឹង Real Madrid។ ទន្ទឹមនឹងនេះ Castellanos គឺជាកីឡាករដំបូងគេគិតចាប់តាំងពី Lewandowski ក្នុងឆ្នាំ 2013 ដែលស៊ុតបញ្ចូលទី 4 គ្រាប់ក្នុងមួយប្រកួតពេលលេងតទល់នឹង Real Madrid ។
ប្រភព: Plaantik