Connect with us

បាល់ទាត់អន្តរជាតិ

បញ្ហា​ថ្មី​មួយ​កំពុង​ប្រឈម​ខ្លាំង​នៅ Premier League ដោយ​កីឡាករ​ជា​ច្រើន​ចាប់​ផ្ដើម​ប្រើប្រាស់​ថ្នាំ​ជក់​គ្មាន​ផ្សែង

Published

on

ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League ពេល​នេះ​មាន​បញ្ហា​ថ្មី​មួយ​បាន​កើត​ឡើង។ កីឡាករ​មួយ​ចំនួន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ដាក់​អ្វី​ម្យ៉ាង​មើល​ទៅ​ដូចជា​ថង់​តូច​មួយ​ដែល​ស្រដៀង​នឹង​ថង់​តែ ចូល​ទៅ​ក្នុង​មាត់​របស់​ពួក​គេ។

វា​អាច​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា កីឡាករ​ទាំង​នោះ​កំពុង​ប្រើ Snus។ យ៉ាង​ណា​មិញ សម្រាប់ Snus វា​គឺ​ជា​ទម្រង់​នៃ​ផលិតផល​ថ្នាំ​ជក់​គ្មាន​ផ្សែង និង​ជា​ប្រភេទ​​ថ្នាំ​ជក់ដែលមានសំណើមល្អ​ផង​ដែរ។ កញ្ចប់​របស់​វា​ខ្ចប់​ក្នុង​ថង់​តូចៗ ដែល​បៀម​ដូច​ជា​ស្ករ​កៅស៊ូ​បាន។

ទម្រង់​នៃ​ថ្នាំ​ជក់​ប្រភេទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុស​ច្បាប់​នៅ​ក្នុង​សហភាព​អឺរ៉ុប ប៉ុន្តែ​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​បាន​ចាកចេញ​ពី​សម័ន្ធ​មិត្ត​របស់​សហភាព​អឺរ៉ុប ចន្លោះ​ប្រហោង​នៃ​ច្បាប់​ក៏​បាន​កើត​ឡើង ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់ Snus ដោយ​គ្មាន​ការ​ហាម​ប្រាម​។ លើស​ពី​នេះ​ទៀត Snus ក៏​មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​បទ​ប្បញ្ញត្តិ​ប្រឆាំង​នឹង​សារ​ធាតុញៀន​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា Snus មាន​ផ្ទុក​សារធាតុ​គីមី​ជាង 30 ហើយ​បរិមាណ​នីកូទីន​របស់​វា​ខ្ពស់ជាង​បារី 3 ដង ខណៈ​ដែល​កីឡាករ​ដែល​ធ្លាប់​ប្រើ​វា​ម្ដង​ម្កាល ទទួល​បាន​ឥទ្ធិពល​រំញោច ដែល​ផ្តល់​នូវ​គុណសម្បត្តិ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​កាន់​តែ​ប្រសើរ តែ​ឥឡូវ​នេះ​វា​បែរ​ជា​ត្រូវ​ប្រើប្រាស់​ដោយ​ខាន​មិន​បាន​សម្រាប់​កីឡាករ​មួយ​ចំនួន​ទៅ​វិញ។

យោងតាម​របាយការណ៍​ពី The Athletic បាន​ឲ្យ​ដឹង​ថា កីឡាករ​មួយ​ចំនួន​បាន​កើត​បញ្ហា​រួច​ហើយ ដោយ​វា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ Snus។ បុគ្គលិក​ពេទ្យ​របស់​ក្លឹប​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​របស់​ពួក​គេ។ Snus គឺ​ជា​ការ​ញៀន ហើយ​កីឡាករ​អាច​នឹង​ពិបាក​ផ្ដាច់​វា។ គេ​ជឿ​ថា ទម្រង់​នៃ​ការ​ប្រើ​ថ្នាំ​ជក់​នេះ អាច​នាំ​ឲ្យ​មាន​ជម្ងឺ​មហារីក 5 ប្រភេទ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផង​ដែរ។

យោងតាម​របាយការណ៍​ពី As បាន​ឲ្យ​ដឹង​ថា កីឡាករ​ដូចជា Jamie Vardy (Leicester City), Victor Lindelof (Manchester United), Danny Murphy (Liverpool), Marcus Rashford (Manchester United), Bertrand Traore (បច្ចុប្បន្ន​នៅ Villarreal), Aaron Ramsdale (Arsenal) និង Mark Gillespie (Newcastle) សុទ្ធតែ​បាន​ប្រើប្រាស់ Snus។

ប្រភព: Dailysports

Trending

Exit mobile version