បាល់ទាត់អន្តរជាតិ
West Ham បើកកិច្ចពិភាក្សាជាមួយ Lyon ជុំវិញការផ្ទេរ Lucas Paqueta
ក្លឹបញញួរធំ West Ham United បានបើកការពិភាក្សាមួយជាមួយក្លឹប Lyon ជុំវិញការចុះហត្ថលេខាផ្ទេរលើខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Lucas Paqueta (នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ 90min.com)។
ដោយឡែកក្លឹបកាំភ្លើងធំ Arsenal និង Newcastle ក៏កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានសម្រាប់ Paqueta ដែរ ប៉ុន្តែឥឡូវនេះ West Ham ហាក់ដូចជាមានឱកាសខ្ពស់ ក្នុងការនាំយក កីឡាកររូបនេះមកកាន់ទឹកដីនៃកីឡដ្ឋាន London។
ក្លឹប West Ham United ដែលធ្លាប់ជាក្រុមខ្លាំងមួយដែរនៅអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដ៏ខកចិត្តក្នុងរដូវកាលថ្មី ហើយបច្ចុប្បន្នកំពុងឈរនៅបាតតារាង Premier League ដោយមិនទាន់មានគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់។
គ្រូបង្វឹកលោក David Moyes បានស្វែងរកខ្សែប្រយុទ្ធចំណូលថ្មីស្ទើរតែពេញមួយរដូវក្តៅទៅហើយ ហើយឥឡូវនេះក្លឹបរបស់គាត់ពិតជាត្រៀមនាំយក Paqueta ដែលជាកីឡាករអាចបំពេញនូវចំណុចខ្វះខាតរបស់ពួកគេបាន។ កីឡាករវ័យ 24 ឆ្នាំរូបនេះផ្ទេរក្នុងតម្លៃ 33 លានផោន ហើយនោះគឺជាតម្លៃដែលមិនមានភាពស្ទាក់ស្ទើរសម្រាប់ West Ham ក្នុងការសម្រេចចិត្តចុះហត្ថលេខាលើគាត់ឡើយ។
ប្រភព: 90 Min