បាល់ទាត់អន្តរជាតិ
ហង្សក្រហម Liverpool កំពុងដំណើរការខ្ចីជើង Arthur Melo ពី Juventus
ប្រភពច្បាស់ការណ៍មួយពីលោក Fabrizio Romano បានបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយ Juventus លើចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo។
ដោយឡែក Juventus បាននឹងកំពុងសម្លឹងមើលការផ្ទេរ Arthur Melo ចេញនៅរដូវក្ដៅនេះ ហើយពួកគេក៏ជិតឈានដល់ការព្រមព្រៀងគ្នាជាមួយក្លឹប Sporting CP ផងដែរ។ ប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដោយក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ហើយពួកគេសង្ឃឹមថា នឹងឈានដល់ការនាំយក Arthur Melo មកកាន់ទឹកដី Anfield មុនទ្វារនៃការដោះដូរកីឡាករត្រូវបានបិទ។
យ៉ាងណាមិញ បន្ទាប់ពីខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Aurelien Tchouameni កាលពីដើមរដូវក្តៅកន្លងទៅ Liverpool ហាក់ដូចជាមិនបានចាប់អារម្មណ៍ទៅលើខ្សែបម្រើណាមួយឡើយ ប៉ុន្តែរបួសរបស់កីឡាករ និងទម្រង់លេងមិនសូវល្អក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Jurgen Klopp ដែលជាគ្រូបង្វឹកដឹងច្បាស់ថា ក្រុមរបស់លោកត្រូវការខ្សែបម្រើចំណូលថ្មីម្នាក់ទៀតជាចាំបាច់។
ខ្សែបម្រើ Konrad Laimer និង Ruben Neves ស្ថិតក្នុងចំណោមជម្រើសនៃការចង់បានរបស់ Liverpool ដែរ ប៉ុន្តែការចំណាយទឹកប្រាក់ផ្ទេរកីឡាករនៅដំណាក់កាលនេះ វាជាដំណើរការដែលមិនត្រឹមត្រូវឡើយ។ ដូច្នេះពួកគេសម្លឹងទៅដល់ការខ្ចីជើង Arthur Melo ជំនួសវិញ។
Arthur Melo ដែលជាអតីតកីឡាកររបស់ក្លឹប FC Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញទៅក្លឹបថ្មី ខណៈពេលនេះក្លឹបទាំងពីរកំពុងនិយាយគ្នាពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលអាចមានការរួមបញ្ចូលជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់កុងត្រា ប្រសិនបើគាត់មានទម្រង់លេងល្អ ក្នុងអំឡុងពេលនៅ Anfield។
ប្រភព: 90 Min