បាល់ទាត់អន្តរជាតិ
Leeds United ប្រកាសបណ្ដេញគ្រូបង្វឹកចេញពីតំណែង
កាលពីម្សិលមិញនេះក្លឹប Leeds United បានប្រកាសបញ្ជាក់ថា ពួកគេបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Jesse Marsch ហើយ។ យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអាមេរិចរូបនេះ បានចូលមកកាន់តំណែងនេះ បានតិចជាងមួយឆ្នាំប៉ុណ្នោះនៅ Elland Road។
គ្រូបង្វឹកវ័យ 49 ឆ្នាំ Jesse Marsch ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីការដឹកនាំ 7 ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League រដូវកាលនេះ ដោយមិនទទួលជ័យជម្នះទាល់តែសោះ។ លើសពីនេះទៅទៀតបច្ចុប្បន្ន Leeds United កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី 17 ដោយមានពិន្ទុស្មើក្រុមដែលនៅក្នុងតំបន់ត្រូវកាត់ចោលដែរ គ្រាន់តែមានគ្រាប់បាល់ច្រើនជាងគេតែប៉ុណ្ណោះ។
លោក Jesse Marsch បានដឹកនាំប្រកួតចុងក្រោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ក្រោយពីបរាជ័យ 1-0 ជាមួយ Nottingham Forest មិនតិចជាង 24 ម៉ោងឡើយ គ្រូបង្វឹករូបនេះក៏ត្រូវបានក្លឹបប្រកាសបណ្ដេញចេញតែម្ដង។ ការចាញ់ប្រកួតចុងក្រោយនេះ គឺជាការចាញ់លើកទី 10 ហើយក្នុងចំណោមប្រកួតសរុប 20 ប្រកួតសម្រាប់ Leeds United ក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
ប្រភព: Sportsmole