បាល់ទាត់អន្តរជាតិ
Pep ប្រាប់មូលហេតុដែល Haaland លេងមិនបានល្អពេលប៉ះ Real Madrid
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានពន្យល់ពីមូលហេតុដែលខ្សែប្រយុទ្ធ Erling Haaland មានទម្រង់លេងមិនសូវល្អ និងមិនមានឱកាសរកគ្រាប់បាល់ពេលតទល់នឹង Real Madrid ក្នុងការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរំលងអាធ្រាតយប់មិញនេះ។
យ៉ាងណាមិញ Erling Haaland ដែលត្រូវបានគ្រប់គ្នាដាក់រហ័ស្សនាមថា មនុស្សយន្តនោះបានបង្ហាញសមត្ថភាពនៅលើទីលានប្រកួតក្នុងកម្រិតមួយដ៏ទាបបំផុត បើប្រៀបធៀបនឹងការប្រកួតមុនៗជាពិសេសនៅ Premier League។ នៅក្នុងការប្រកួត Haaland មានស្ថិតិប៉ះបាល់ត្រឹមតែ 21 ដងប៉ុណ្ណោះ ដែលតិចជាងអ្នកចាំទី Ederson Moraes ទៅទៀត ដោយមានចំនួន 29 ដង។
ដោយឡែកក្រុមទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផល 1-1 ដែលធ្វើឲ្យការប្រកួតកាន់តែមានភាពតានតឹងបន្ថែមទៀត ពេលលេងជើងទី 2 ក្នុងទឹកដីរបស់ Man City នៅថ្ងៃទី 18 ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ក្រោយចប់ការប្រកួតលោក Pep Guardiola ក៏បាននិយាយអំពីមូលហេតុនៃការលេងមិនសូវបានល្អរបស់ Erling Haaland ដោយលើកឡើងថា៖ “តំបន់ប្រយុទ្ធ ត្រូវបានកាន់កាប់ដោយខ្សែការពារកណ្ដាល និងខ្សែការពារស្លាប។ វាពិតជាមិនងាយស្រួលទេសម្រាប់ Haaland។ យ៉ាងណាគាត់បានផ្លាស់ទីយ៉ាងល្អ និងព្យាយាមស្វែងរកឱកាស”។
ប្រភព: Nailypost NG