បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ Inter Milan អះអាងថា អ្នកចាំទីរូបនេះ មានសមត្ថភាពល្អជាង Andre Onana ទៅទៀត
អតីតកីឡាករឆ្នើម និងធ្លាប់ជាអ្នកចាំទីក្រុម Inter Milan លោក Gianluca Pagliuca បាននិយាយថា កីឡាករ Mike Maignan របស់ AC Milan បច្ចុប្បន្នមានទម្រង់លេងល្អជាងអ្នកចាំទី Andre Onana ក្នុងក្របខ័ណ្ឌ Serie A។ លោកបញ្ជាក់ថា Onana មិនមែនជាអ្នកចាំទីល្អបំផុតនៅលីគកំពូលនៃប្រទេសអ៊ីតាលីឡើយ។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីបានចាកចេញពី Ajax ទៅកាន់ Inter Milan កាលពីរដូវក្តៅឆ្នាំមុន អ្នកចាំទីសញ្ជាតិកាមេរូនរូបនេះ បានបង្ហាញខ្លួនដ៏លេចធ្លោរ ក្នុងនាមជាអ្នកចាំទីដ៏ឆ្នើមម្នាក់នៅក្នុងក្របខ័ណ្ឌ Serie A។ លើសពីនេះទៀត Onana ត្រូវបានគេវាយតម្លៃថា ជាអ្នកចាំទីល្អបំផុតនៅក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ ដោយបានសង្គ្រោះបាល់ 76.1% នៃការស៊ុតបាល់ពីគូប្រកួតរបស់ខ្លួន។
គាត់ក៏បានរក្សា Clean Sheet ចំនួន 19 ដង ក្នុងការបង្ហាញខ្លួន 38 ប្រកួត ក្នុងរដូវកាលនេះផងដែរ។ ផ្ទុយមកវិញ ទោះបីជាមានស្ថិតិល្អបែបនេះក៏ដោយ លោក Gianluca Pagliuca ជឿជាក់ថា អ្នកចាំទីរបស់ AC Milan គឺកីឡាករ Maignan ល្អជាង Onana។ លោក Pagliuca បានប្រាប់ Rai Radio 1 ថា៖ “ពួកគេទាំងពីរគឺខ្លាំងដូចគ្នា… Maignan គាត់មានបទពិសោធន៍ច្រើនជាង ហើយបច្ចុប្បន្នគេគឺជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីល្អបំផុតទាំងបីនៅលើពិភពលោក”។
ប្រភព: Dailypost NG