Connect with us

បាល់ទាត់អន្តរជាតិ

ប៉ះ Man City រំលង​អាធ្រាត​នេះ Real Madrid អវត្តមាន​កីឡាករ​សំខាន់ៗ 3 រូប

Published

on

ខ្សែបម្រើ Dani Ceballos របស់​ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដក​ឈ្មោះ​ចេញ​ពី​ការ​ប្រកួត UEFA Champions League ទល់នឹង Manchester City នៅ​រំលង​អាធ្រាត​នេះ ដោយ​សារ​បញ្ហា​របួស។ ក្រៅ​ពី​កីឡាករ​រូប​នេះ ពួក​គេ​នៅ​មាន​កីឡាករ​សំខាន់ៗ​ពីរ​រូប​ទៀត ក៏​ត្រូវ​អវត្តមាន​ដូចគ្នា។

យ៉ាង​ណា​មិញ Real Madrid នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Man City សម្រាប់​ការ​ប្រកួត​ជើងទីមួយ​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួក​គេ​នៅ​ម៉ោង 2:00 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។ ថ្វី​ត្បិតតែ​រដូវកាល​មុន​ពួក​គេ​បាន​ទម្លាក់ Man City ប៉ុន្តែ​រដូវកាល​នេះ Real Madrid ត្រូវ​បាន​គេ​គិត​ថា នឹង​ជួប​ការ​លំបាក​ខ្លាំង ខណៈ​ដែល Man City កំពុង​ឡើង​ជើង​ខ្លាំង និង​ជាក្រុម​ឈរ​នៅ​កំពូល​តារាង Premier League ផង​ដែរ។

យោង​តាម​របាយការណ៍​ពី Marca បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Dani Ceballos នឹង​ត្រូវ​អវត្តមាន ដោយ​សារ​​បញ្ហា​របួស​ភ្លៅ​នៅ​មុន​ការ​ប្រកួត​ជើង​ទី 1 នេះ។ ពួក​គេ​ក៏​គ្មាន Ferland Mendy ផង​ដែរ ដែល​កីឡាករ​រូប​នេះ​បាន​ខកខាន​ការ​ប្រកួត​ចំនួន 11 លើក​ចុង​ក្រោយ​ដោយ​សារ​របួស​កំភួន​ជើង។

ទន្ទឹម​នឹង​នោះ ខ្សែការពារ​កណ្ដាល​ដ៏​សំខាន់​គឺ Eder Militao ក៏​នឹង​ខកខាន​ការ​ប្រកួត​នៅ​រំលង​អាធ្រាត​នេះ​ដែរ ដោយសារ​ជាប់​ពិន័យ បន្ទាប់​​ពី​​ទទួល​បាន​កាត​លឿង​ទី​បី​របស់​គាត់ នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ក្នុង​ការ​ប្រកួត​ជើង​ទីពីរ​វគ្គ 8 ក្រុម​ចុងក្រោយទល់​នឹង​តោខៀវ Chelsea។

ប្រភព: Sportsmole

Trending

Exit mobile version