Connect with us

បាល់ទាត់អន្តរជាតិ

N’Golo Kante ចង់​បាន​កុងត្រា​រយៈពេល​វែង​ពី​ក្លឹប​តោខៀវ Chelsea

Published

on

ខ្សែបម្រើ​សញ្ជាតិ​បារាំង N’Golo Kante បាន​ជូន​ដំណឹង​ដល់​ក្លឹប​តោខៀវ Chelsea ថា គាត់​ចង់​បាន​ការ​បន្ត​កុងត្រា​រយៈពេល​វែង​ពី​ក្លឹប​ ប្រសិន​បើ​គាត់អាច​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី (នេះ​បើ​យោងតាម​របាយការណ៍​ពី​គេហទំព័រ 90min.com។

យ៉ាង​ណា​មិញ​នៅ​រដូវកាល​នេះ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់​គាត់​​នៅ​កីឡដ្ឋាន Stamford Bridge ហើយ។ ក្លឹប​តោខៀវ Chelsea ចង់​ដោះស្រាយ​ពី​អនាគត​របស់​គាត់ ខណៈ​ដែល​កីឡាករ​រូប​នេះ​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពលោក​ដដែល។

ការ​ចរចា​លើក​ដំបូង​ត្រូវ​បាន​ពន្យា ហើយ​នៅ​ពេល​នោះ Kante បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ក្លឹប​ថា គាត់​ចង់​បាន​កុងត្រា​រយៈពេល 3 ឆ្នាំ​ពី Chelsea។ ដោយ​សារ​តែ​បញ្ហា​របួស និង​វ័យ​ឈាន​ដល់ 31 ឆ្នាំ​ទៅ​ហើយ​នោះ ក្លឹប​នៅ​មាន​ភាព​ស្ទាក់ស្ទើរ និង​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ប្រគល់​កុងត្រា​រយៈពេល​វែង​ដល់​កីឡាករ​ចាស់​វស្សារូប​នេះ។

ជាមួយ​គ្នា​នេះ​ដែរ មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការណ៍​នៅ​ឡើយ​ទេ​អំពី​កុងត្រា​ថ្មី ដោយ​ក្លឹប​តោខៀវ Chelsea និង Kante ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា។ លើស​ពី​នេះ អនាគត​របស់ Kante ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី Jorginho ផង​ដែរ ខណៈ​ដែល​ខ្សែបម្រើ​រូប​នេះ​បាន​ឈាន​ដល់​ឆ្នាំ​ចុងក្រោយ​ដូចគ្នា។ Jorginho ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចាកចេញ​ទៅ​កាន់​ទឹកដី​កំណើត​របស់​គាត់​វិញ។ ដូច្នេះ​ប្រសិន​បើ​បាត់បង់ Jorginho ក្លឹប​តោខៀវ​ត្រូវ​តែ​ព្យាយាម​ឃាត់ឃាំង N’Golo Kante ឲ្យ​ខាន​តែបាន។

ប្រភព: 90 Min

Trending

Exit mobile version