បាល់ទាត់អន្តរជាតិ
អតីតកីឡាករព័រទុយហ្គាល់ Deco លើកឡើងថា៖ ព័រទុយហ្គាល់មានកីឡាករល្អៗច្រើន ប៉ុន្តែពួកគេមិនមាន Messi

ក្រុមជម្រើសជាតិអាហ្សង់ទីនបានឆ្លងកាត់ដំណើរផ្សងព្រេងដ៏អស្ចារ្យ ដើម្បីក្លាយជាម្ចាស់ពាន FIFA World Cup កាលពីឆ្នាំមុន ហើយគ្រប់គ្នាបានសម្លឹងមើលឃើញកីឡាករដ៏សំខាន់ម្នាក់របស់ពួកគេ និងជាកាពីតែនក្រុមផងដែរ គឺ Lionel Messi។ ពាក់ព័ន្ធនឹងរឿងនេះដែរ អតីតកីឡាករឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Deco បាននិយាយថា អាហ្សង់ទីននឹងមិនអាចឈ្នះពាន FIFA World Cup 2022 នៅកាតាបានឡើយ បើគ្មានវត្តមានរបស់ Messi។
យ៉ាងណាមិញ Messi ត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ ខណៈដែលគាត់បានជួយអាហ្សង់ទីនឲ្យឈ្នះពានដ៏អស្ចារ្យបំផុតមួយនេះជាលើកទីបីនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ។ ជាមួយគ្នានេះដែរ អតីតមិត្តរួមក្រុម Deco ដែលជាកីឡាករសញ្ជាតិព័រទុយហ្គាល់ និងធ្លាប់លេងនៅ Barcelona ជាមួយគ្នានោះ បានចាត់ទុក Messi ជាមនុស្សដ៏សំខាន់ នៃភាពជោគជ័យរបស់ក្រុមពពកសអាហ្សង់ទីន។
ដោយចាញ់អារ៉ាប៊ីសាអូឌីត 2-1 ក្នុងការប្រកួតដំបូងរបស់ពួកគេ គ្រប់គ្នាគិតថា Messi នឹងអស់ឱកាសឈ្នះពាន World Cup ទៅហើយ ហើយអាហ្សង់ទីនក៏មិនអាចឈានជើងដល់វគ្គចុងក្រោយនៃព្រឹត្តិការណ៍នោះដែរ។ ផ្ទុយមកវិញ អាហ្សង់ទីនបានឡើងដល់វគ្គផ្ដាច់ព្រ័ត និងយកឈ្នះក្រុមជម្រើសជាតិបារាំងដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
Lionel Messi ដែលជាកាពីតែនក្រុមឆ្នើមមួយរូប បានស៊ុតបញ្ចូលទី 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។ ទន្ទឹមនឹងនេះដែរ ប្រទេសរបស់ Deco ដែលដឹកនាំដោយ Cristiano Ronaldo ត្រូវបានធ្លាក់ត្រឹមវគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ម៉ារ៉ុក។
Deco ដែលធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់បាន 75 ប្រកួតកាលពីនៅជាកីឡាករ បាននិយាយថា ថ្វីត្បិតតែព័រទុយហ្គាល់មានកីឡាករល្អៗជាច្រើន ប៉ុន្តែពួកគេមិនមាន Lionel Messi ទេ។ នៅក្នុងបទសម្ភាសន៍ជាមួយ TR Sports របស់អាហ្សង់ទីន គាត់បាននិយាយថា៖ “អាហ្សង់ទីនបានឈ្នះ World Cup ដោយសារតែពួកគេមាន Messi។ សម្រាប់យើង (ព័រទុយហ្គាល់) មានជំនាន់កីឡាករល្អបំផុត ប៉ុន្តែយើងមិនមាន Messi”។
ប្រភព: Dailypost NG