បាល់ទាត់អន្តរជាតិ
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ

កាលពីសប្តាហ៍មុន សន្លឹកក្រដាសនៃកុងត្រាដំបូងក្នុងអាជីពរបស់ Lionel Messi ដែលគាត់បានចុះហត្ថលេខានៅលើនោះក្នុងឆ្នាំ 2000 ត្រូវបានដាក់ដេញថ្លៃ។ យោងតាមសារព័ត៌មាន AP News បានឲ្យដឹងថា ការដេញថ្លៃនោះបានឡើងដល់តម្លៃ 965,000 ដុល្លារ នៅថ្ងៃសុក្រ ទី 17 ខែឧសភា ហើយត្រូវបានគេលក់ចេញជាផ្លូវការណ៍។
ការដេញថ្លៃនេះដែរធ្វើឡើងក្នុងដោយអ្នកតំណាងក្នុងប្រទេសអាហ្សង់ទីនរបស់ Messi ផ្ទាល់ គឺលោក Horacio Gaggioli ហើយតម្លៃចាប់ផ្តើមដំបូងនៃការដេញថ្លៃមានចំនួន 350,000 ដុល្លារ។
សូមរំលឹកផងដែរថា Lionel Messi ត្រូវបានគេប្រទះឃើញនៅទីក្រុងបាសេឡូណា ដែលជាការអញ្ជើញមកសាកល្បងតេស្ដសមត្ថភាពរយៈពេល 2 សប្តាហ៍ ក្នុងខែកញ្ញា ឆ្នាំ 2000។ នៅថ្ងៃទី 17 ខែកញ្ញា គាត់បានមកដល់ទីក្រុងបាសេឡូណា ជាមួយឪពុករបស់គាត់ ហើយបានរង់ចាំ 2 សប្ដាហ៍ ដើម្បីជួបជាមួយនាយកផ្នែកកីឡាលោក Carles Rexach ដែលកំពុងធ្វើដំណើរអាជីវកម្មនៅទីក្រុងស៊ីដនី។
នៅពេលដែល Carles Rexach បានឃើញក្មេងប្រុសដ៏មានទេពកោសល្យ Lionel Messi គាត់ចង់ចុះហត្ថលេខាភ្លាមៗតែម្ដង ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបស្ទាក់ស្ទើរ ព្រោះវាជារឿងចម្លែកណាស់សម្រាប់ក្លឹបនៅតំបន់អឺរ៉ុប ក្នុងការចុះហត្ថលេខាលើកីឡាករបរទេសដែលនៅវ័យក្មេងបែបនេះនៅពេលនោះ។
បន្តមកទៀត Carles Rexach បានបញ្ចុះបញ្ចូលប្រធានក្លឹប Barcelona ឲ្យចេញថ្លៃចំណាយ សម្រាប់ការផ្លាស់ទីលំនៅក្រុមគ្រួសាររបស់ Lionel Messi ទៅ Barcelona និងការចំណាយប្រាក់ព្យាបាល Messi ផងដែរ ដែលពេលនោះពិតជាមានតម្លៃថ្លៃណាស់។ ដោយគ្មានក្រដាសកុងត្រាជាផ្លូវការណ៍នៅក្នុងដៃ Carles Rexach បានសម្រេចចិត្តចុះហត្ថលេខាលើ Messi ដោយប្រើក្រដាសស និងសសេរដៃធម្មតា។
ប្រភព: Dailysports