បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 នៅ PL កំពុងពេញចិត្តពេញថ្លើមជាមួយនឹងសមត្ថភាពរបស់ Openda
ក្លឹប Manchester United, Manchester City និង Arsenal ត្រូវបានគេរាយការណ៍ថា គឺជាក្លឹប 3 ដែលស្ថិតក្នុងចំណោមក្លឹបនៅ Premier League ចំនួន 5 ដែលកំពុងតាមប្រមាញ់ខ្សែប្រយុទ្ធកណ្តាល Lois Openda របស់ RB Leipzig។
យ៉ាងណាមិញ កីឡាករវ័យ 23 ឆ្នាំរូបនេះ ទើបនឹងបានផ្លាស់ទៅចូលរួមជាមួយ RB Leipzig ដោយផ្ទេរពី Lens នៅរដូវក្តៅដើមរដូវកាលនេះប៉ុណ្ណោះ ហើយគាត់មានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹបអាឡឺម៉ង់របស់ខ្លួន ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 21 ប្រកួតនៅរដូវកាលនេះ។
យ៉ាងណាមិញ Openda ក៏រកបានគ្រាប់បាល់ 4 គ្រាប់ ក្នុងការបង្ហាញខ្លួន 5 ដងក្នុងក្របខ័ណ្ឌ UEFA Champions League ផងដែរ ដោយក្នុងចំណោមនោះ ក៏មានគ្រាប់បាល់ដែលគាត់ស៊ុតបញ្ចូលទីពេលលេងទល់នឹង Man City ដែរ។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានធ្វើឲ្យក្លឹបជាច្រើននៅតំបន់អឺរ៉ុបចាប់ចិត្តចាប់អារម្មណ៍ចង់បានគាត់ជាខ្លាំង ហើយបើតាមការអះអាងរបស់អ្នកកាសែត Ekrem Konur បានឲ្យដឹងថាក្រុមរបស់លោក Pep Guardiola កំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្មលើទម្រង់លេងរបស់របស់គាត់ ខណៈដែល Man United និង Arsenal ក៏បានបញ្ជូនអ្នកតំណាងរបស់ខ្លួនឲ្យតាមដានពីស្ថានភាពរបស់ Openda ដែរ។
ប្រភព: Sportsmole