បាល់ទាត់អន្តរជាតិ
Chelsea និង PSG កំពុងជួបពិភាក្សាគ្នាអំពីការផ្ទេរ Presnel Kimpembe
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea និងក្លឹបអ្នកមានបារាំង Paris Saint-Germain កំពុងជួបពិភាក្សាគ្នាដោយផ្ទាល់ សម្រាប់កិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Presnel Kimpembe។
របាយការណ៍ដដែលនោះបានឲ្យដឹងថា តម្លៃផ្ទេរដំបូងដែល Paris Saint-Germain ចង់បាន គឺប្រហែលជា 60 ទៅ 65 លានអឺរ៉ូ ប៉ុន្តែក្លឹបតោខៀវ Chelsea ត្រៀមដាក់សំណើរជាលើកទីមួយត្រឹមតែ 45 ទៅ 50 លានអឺរ៉ូ ប៉ុណ្ណោះ។
យ៉ាងណាមិញ PSG បានចាត់ទុក Presnel Kimpembe ជាផ្នែកមួយនៃគម្រោងលក់ចេញរបស់ក្លឹបផងដែរ ប៉ុន្តែការចាកចេញនោះ ត្រូវស្ថិតក្នុងករណីតម្លៃផ្ទេរដែលអាចទទួលយកបាន។
បច្ចុប្បន្ននេះ ក្លឹបតោខៀវ Chelsea ពិតជាត្រូវការខ្សែការពារកណ្ដាលម្នាក់ជាចាំបាច់ ខណៈដែលពួកគេទើបតែបានបាត់បង់ Andreas Christensen និង Antonio Rudiger។
ដោយឡែកសម្រាប់ក្លឹបយក្ស Paris Saint-Germain ត្រូវបានគេរាយការណ៍ ប្រសិនបើពួកគេលក់ Presnel Kimpembe ទៅឲ្យក្លឹបតោខៀវបានសម្រេច នោះពួកគេនឹងនាំយកខ្សែការពារឆ្នើមរបស់ក្លឹប Inter Milan គឺកីឡាករសញ្ជាតិស្លូវ៉ាគី Milan Skriniar។
ប្រភព: Fabrizio Romano