បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona ប្រកាសពីការចុះហត្ថលេខាលើ Vitor Roque

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការណ៍លើការចុះហត្ថលេខាកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vitor Roque ហើយ ដោយផ្ទេរពីក្លឹប Athletico Paranaense។ កីឡាករដែលត្រូវបានគេមើលឃើញថា ជាអនាគតដ៏ភ្លឺស្វាងរបស់ក្លឹបនោះ ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយ ជាមួយនឹងការផ្ទេរមក Camp Nou។
យ៉ាងណាមិញ ក្លឹបយក្សកាតាឡាន់បានបញ្ជាក់ថា Vitor Roque នឹងមកដល់ក្លឹបរបស់ខ្លួនមុនរដូវកាល 2024/2025 ចាប់ផ្ដើម ហើយកីឡាកររូបនេះនឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងផងដែរ នៅក្លឹបថ្មី FC Barcelona។ Vitor Roque បច្ចុប្បន្នទើបតែមានអាយុ 18 ឆ្នាំប៉ុណ្ណោះ ហើយគាត់គឺជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Cruzeiro ក្នុងប្រទេសប្រេស៊ីល។
សេចក្តីថ្លែងការណ៍របស់ Barcelona បានសរសេរថា៖ “ក្លឹប FC Barcelona និងក្លឹប Athletico Paranaense បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Victor Hugo Roque Ferreira ដែលត្រូវបានគេស្គាល់ថា Victor Roque។ កីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្លឹបសម្រាប់រដូវកាល 2024/2025 ហើយនឹងចុះកុងត្រារហូតដល់រដូវកាល 2030/2031 ជាមួយនឹងលក្ខខណ្ឌ លក់ចេញចំនួន 500 លានអឺរ៉ូ”។
ប្រភព: Barcablaugranes