បាល់ទាត់អន្តរជាតិ
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបញញួរធំ West Ham United បានប្រកាសថា គ្រូបង្វឹករបស់ខ្លួនលោក David Moyes នឹងចាកចេញពីក្លឹបនៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ នៅចុងបញ្ចប់នៃរដូវកាលនេះ។ មានសេចក្តីរាយការណ៍កាលពីដើមសប្ដាហ៍កន្លងទៅថា ក្លឹបញញួរធំ នឹងតែងតាំងលោក Julen Lopetegui ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid និង Sevilla ដើម្បីស្នងតំណែងបន្តពី David Moyes នៅមុនរដូវកាលថ្មី 2024-2025 ចាប់ផ្ដើម។
យ៉ាងណាមិញ David Moyes នឹងទទួលបន្ទុកក្នុងការដឹកនាំប្រកួតនៅ Premier League ចំនួន 2 ប្រកួតចុងក្រោយរបស់ West Ham ដែលជាការប្រកួតក្នុងដីទល់នឹង Luton Town និងការប្រកួតក្រៅដីទល់នឹង Manchester City។ បន្ទាប់មកគ្រូបង្វឹកវ័យ 61 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹប West Ham ដែលគាត់ធ្លាប់រួមរស់ជាមួយអស់រយៈពេលជាង 4 ឆ្នាំកន្លងមក។
គួរដឹងផងដែរថា ក្នុងអំឡុងពេលនៃអាជីពដឹកនាំរបស់ David Moyes គ្រូបង្វឹករូបនេះ ធ្លាប់បានដឹកនាំក្រុមឲ្យបញ្ចប់រដូវកាលដោយឈរនៅចំណាត់ថ្នាក់លេខ 7 នៃក្របខ័ណ្ឌ Premier League, ធ្លាប់ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League និងជាពិសេសបានដឹកនាំក្លឹបឲ្យឈ្នះពាន Europa Conference League កាលពីរដូវកាលមុន ដែលជាពានដំបូងក្នុងរយៈពេល 58 ឆ្នាំចុងក្រោយរបស់ West Ham។
ប្រភព: Sportsmole