បាល់ទាត់អន្តរជាតិ
Radu Dragusin ត្រៀមបង្ហាញខ្លួនជាលើកដំបូង ក្នុងជំនួបទល់នឹង Man United ថ្ងៃស្អែកនេះ
គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Ange Postecoglou បានសារភាពថា ការប្រកួត Premier League នៅថ្ងៃអាទិត្យទល់នឹង Manchester United ទំនងជានឹងក្លាយជាឆាប់ពេកសម្រាប់ Cristian Romero ក្នុងការវិលត្រឡប់មកវិញ បន្ទាប់ពីរបួសសរសៃពួររបស់គាត់។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានខកខានការប្រកួតរបស់ Tottenham Hotspur តាំងពីពេលដែលពួកគេបានយកឈ្នះ Everton 2-1 កាលពីថ្ងៃទី 23 ខែធ្នូ ឆ្នាំមុនមកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារឆ្នើមដែលធ្លាប់ឈ្នះពាន World Cup រូបនេះ បានត្រឡប់មកទីលានហ្វឹកហាត់វិញហើយ កាលពីម្សិលមិញ។
សម្រាប់ការបញ្ជាក់របស់គ្រូបង្វឹកលោក Ange Postecoglou បានបង្ហាញថា Cristian Romero នឹងមិនទាន់ច្បាស់លាស់ឡើយ សម្រាប់ការបង្ហាញខ្លួននៅក្នុងការប្រកួតទល់នឹងបិសាចក្រហមនាថ្ងៃស្អែកនេះ។ ផ្ទុយមកវិញ កីឡាករចំណូលថ្មី Radu Dragusin ដែលទើបនឹងផ្ទេរពី Genoa កាលពីប៉ុន្មានថ្ងៃមុន អាចនឹងត្រូវបានគ្រូបង្វឹករបស់ខ្លួនផ្ដល់ឱកាសឲ្យចូលលេងជាលើកដំបូង ក្នុងការប្រកួតដ៏សំខាន់នេះ។
ប្រភព: Sportsmole