បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើរបស់បិសាចក្រហម Marouane Fellaini ប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងវ័យ 36 ឆ្នាំ
អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Marouane Fellaini បានប្រកាសចូលនិវត្តន៍ហើយនៅថ្ងៃនេះ បន្ទាប់ពីចំណាយពេលនៃអាជីពបាល់ទាត់ចុងក្រោយរបស់ខ្លួនជាមួយក្លឹប SD Taishan ដែលស្ថិតនៅលីគកំពូលនៃប្រទេសចិន។
យ៉ាងណាមិញ Marouane Fellaini បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់ដោយលេងឲ្យក្លឹប Standard Liege មុនពេលផ្ទេរជាមួយនឹងតម្លៃ 15 លានផោនទៅក្លឹប Everton ក្នុងខែកញ្ញា ឆ្នាំ 2008។ ចាប់តាំងពីពេលនោះមក Fellaini បានក្លាយជាកីឡាករដ៏លេចធ្លោរ ក្រោមការដឹកនាំរបស់លោក David Moyes នៅ Goodison Park ដោយបានបង្ហាញខ្លួនសរុបរហូតដល់ 177 ប្រកួត។
ភាពលេចធ្លោររបស់ Marouane Fellaini បានធ្វើឲ្យគាត់ឈានដល់ជំហានបន្ទាប់ដោយផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងឆ្នាំ 2013 ជាមួយនឹងតម្លៃខ្លួន 27.5 លានផោន។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះបានចាកចេញពី Old Trafford នៅក្នុងឆ្នាំ 2019 ទៅកាន់ក្លឹប SD Luneng នៅប្រទេសចិន និងជាចុងក្រោយគាត់បានលេងឲ្យក្លឹប SD Taishan ដែលស្ថិតនៅលីគកំពូលនៃប្រទេសចិនដូចគ្នា មុនសម្រេចចិត្តចូលនិវត្តន៍នៅពេលនេះ។
ប្រភព: GOAL