បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើវ័យ 32 ឆ្នាំរបស់ខ្លួន
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា នឹងផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើចាស់វស្សារបស់ខ្លួន Jorginho នាចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។ ដំបូងឡើយ Arsenal មិនមានគម្រោងរក្សាទុក Jorginho នោះទេ ដោយពួកគេនឹងឲ្យគាត់ចាកចេញពេលកុងត្រាផុតកំណត់។
ទោះជាយ៉ាងណាក៏ដោយ អ្វីៗបានប្រែប្រួលវិញ បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងររបស់ Mohamed Elneny ដែលធ្វើឲ្យ Jorginho ក្លាយជាចំណែកមួយសំខាន់របស់ក្រុម និងតែងតែមានវត្តមានក្នុងការប្រកួតរបស់ Arsenal នៅរដូវកាលនេះ។ កីឡាករវ័យ 32 ឆ្នាំរូបនេះមិនបានរួមចំណែកស៊ុតបញ្ចូលទីច្រើននោះទេ ប៉ុន្តែទម្រង់លេងរបស់គាត់ នៅតំបន់បម្រើកណ្ដាលពិតជាទទួលបានការកោតសរសើរជាខ្លាំង។
ក្នុងការបង្ហាញខ្លួន 35 ប្រកួតនៅរដូវកាលនេះ Jorginho ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និង Assists 2 ដង។ ក្លឹបកាំភ្លើងធំកំពុងដំណើរការឯកសារនៃការបន្តកុងត្រាថ្មីសម្រាប់អតីតកីឡាកររបស់ក្លឹប Chelsea រូបនេះ ហើយបើយោងទៅតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា ពេលនេះអ្វីៗបានឈានដល់ចំណុចសម្រេចហើយ ដោយរងចាំតែការយល់ព្រមពី Jorginho ប៉ុណ្ណោះ។
ប្រភព: Sportsmole