បាល់ទាត់អន្តរជាតិ
Arteta ថាកីឡាករ Arsenal សមនឹងត្រូវបន្ទោស ក្រោយចាញ់២ប្រកួតជាប់គ្នា
លោក Mikel Arteta បាននិយាយថាក្រុមកីឡាកររបស់ខ្លួនពិតជាសក្ដិសមក្នុងការទទួលយកការរិះគន់មែន ក្រោយពីលេងចាញ់២ប្រកួតជាប់គ្នាបែបនេះ។
ក្រុម Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយប្រកួតមុនមួយទៀតនោះ ពួកគេក៏ចាញ់ដូចគ្នាក្រោមថ្វីជើងក្រុម Crystal Palace ៣-០។ បរាជ័យ២ប្រកួតជាប់គ្នានេះបានធ្វើឱ្យក្រុមកាំភ្លើងធំរបូតតំណែងលេខ៤ក្នុងតារាង Premier League ទៅហើយ។ ដោយក្រុម Spurs ជាអ្នកឡើងមកជំនួសវិញ។
ចំពោះការបាត់៦ពិន្ទូដ៏សំខាន់នេះដែរ លោក Mikel Arteta និយាយថា៖ “យើងបានបង្កើតការលំបាកឱ្យខ្លួនឯង។ យើងល្ងង់ យើងគ្មានគោលបំណងដើម្បីប្រយុទ្ធច្បាស់លាស់ ហើយយើងក៏មិនបានចង់លេងទៅមុខដែរ។ យើងបានបង្ហាញពីការលេងយ៉ាងល្អនៅប៉ុន្មានសប្ដាហ៍មុន។ តែឥឡូវនេះ វាជាសប្ដាហ៍ដ៏ពិបាកសម្រាប់យើង យើងបានបាត់កីឡាករសំខាន់ខ្លះ។ លទ្ធផលនេះ វាពិតជាសក្ដិសមសម្រាប់យើងដើម្បីទទួលខុសត្រូវ”៕ ប្រភព ៖ TALKSPORT