Connect with us

បាល់ទាត់អន្តរជាតិ

សហព័ន្ធ​កីឡា​​បាល់ទាត់​នៃ​ប្រទេស​កាណាដា​ កំពុង​ទាក់ទង​ទៅ​អតីត​​គ្រូ​​បង្វឹក​របស់ Man United

Published

on

សហព័ន្ធ​កីឡា​​បាល់ទាត់​នៃ​ប្រទេស​កាណាដា​កំពុង​បន្ត​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​​ជម្រើស​ជាតិ​របស់​ខ្លួន ត្រៀម​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ 2026។ បន្ទាប់​ពី​ការ​បដិសេធ​ពី​លោក Jose Mourinho និង Frank Lampard សហព័ន្ធ​កាណាដា បាន​ផ្តើមការចរចា​ជាមួយ​បេក្ខភាព​គ្រូ​បង្វឹក 2 រូប​ផ្សេង​ទៀត។

យោងតាម​របាយការណ៍​ពី​លោក Nizaar Kinsella បាន​ឲ្យ​ដឹង​ថា ជម្រើស​អាទិភាព​ដែល​អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កាណាដា គឺ​អតីត​គ្រូបង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ដែល​គាត់​មិនមាន​ការងារ​ធ្វើ​ចាប់​តាំង​ពី​ខែវិច្ឆិកា ឆ្នាំ 2021 មក​ម្ល៉េះ។

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​រូប​នេះ មិន​បាន​សម្រេច​ទេ នោះ​អាច​ឈាន​ដល់​ជម្រើសទី 2 គឺ​លោក Jesse Marsch ដែល​ជា​អតីត​គ្រូ​បង្វឹក​ធ្លាប់​ដឹកនាំ​​ក្លឹប Leeds, RB Leipzig និង Red Bull Salzburg។ គួរ​ដឹង​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​កាណាដា គ្មាន​គ្រូបង្វឹក​ដឹកនាំ​ចាប់​តាំង​ពី​លោក John Herdman បាន​លាលែង​ពី​តំណែង ក្នុង​ខែ​កញ្ញា ឆ្នាំ 2023។ នៅ​រដូវក្តៅ​នេះ ប្រទេស​កាណាដា​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត Copa America 2024 ដែល​ត្រូវ​ប្រកួត​ប៉ះ​នឹង​គូប្រជែង​ខ្លាំងៗ​ជា​ច្រើន​ក្នុង​ពូល​របស់​ពួកគេ​គឺ អាហ្សង់ទីន ឈីលី និង​ប៉េរូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២