បាល់ទាត់អន្តរជាតិ
Arsenal និង Man City កំពុងចាប់អារម្មណ៍លើ Ismael Bennacer

ក្លឹបកាំភ្លើងធំ Arsenal និង Manchester City ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Ismael Bennacer របស់ AC Milan នៅអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ យ៉ាងណាមិញកីឡាករវ័យ 25 ឆ្នាំរូបនេះ បច្ចុប្បន្នគឺជាផ្នែកមួយដ៏សំខាន់នៃក្លឹប AC Milan ហើយថ្មីៗគាត់ថែមទាំងបានជួយក្លឹបឲ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ថែមទៀតផង។
នៅរដូវកាលនេះ Ismael Bennacer បានស៊ុតបញ្ចូលទី 3 គ្រាប់ ក្នុងការបង្ហាញខ្លួន 39 ប្រកួត ខណៈដែលទម្រង់លេងរបស់គាត់ត្រូវបានគេមើលឃើញថា គួរឲ្យចាប់អារម្មណ៍ខ្លាំង។ យោងតាម Football Transfers បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal និង Manchester City គ្រោងនឹងដាក់សំណើរចរចាផ្ទេរ ដើម្បីនាំយកកីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះ មកទឹកដី Premier League។
របាយការណ៍ដដែលនេះដែរបានបន្ថែមថា គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំលោក Mikel Arteta កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើផែនការ ដើម្បីអាចឲ្យខ្សែបម្រើកណ្ដាលរូបនេះផ្ទេរមក Emirates វិញ ដោយ Ismael Bennacer ក៏ធ្លាប់ជាយុវជនរបស់ក្លឹបកាលពីអំឡុងឆ្នាំ 2015 ដល់ 2017 ផងដែរ។
ប្រភព: Sportsmole