បាល់ទាត់អន្តរជាតិ
បិសាចក្រហម និងក្លឹបមួយផ្សេងទៀតនៅ Premier League កំពុងចង់បានខ្សែការពារ Axel Disasi
ក្លឹប Newcastle United និង Manchester United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើខ្សែការពារកណ្តាលរបស់ក្លឹប Monaco គឺកីឡាករ Axel Disasi។ យ៉ាងណាមិញ កីឡាករវ័យ 25 ឆ្នាំរូបនេះបានវិវត្តន៍ខ្លួនទៅជាកីឡាករដ៏លេចធ្លោរម្នាក់នៅ Ligue 1 ចាប់តាំងពីចាកចេញពីក្លឹប Reims ក្នុងឆ្នាំ 2020 ដោយបានបង្ហាញខ្លួនសរុប 129 ប្រកួត។

ទន្ទឹមនឹងនេះដែរ Axel Disasi រីករាយនឹងការប្រកួតកាលពីរដូវកាលមុន ក្នុងនាមជាខ្សែការពារដ៏សំខាន់របស់ Monaco ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assists 4 ដង ក្នុង 49 ប្រកួត។ កីឡាកររបស់ក្រុមជម្រើសជាតិបារាំងរូបនេះ នៅតែមានកុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអនាគតរបស់គាត់ត្រូវបានគេជឿថា មានភាពមិនច្បាស់លាស់ ស្របពេលដែលមានការចាប់អារម្មណ៍ពីក្លឹបកំពូលៗ មួយចំនួននៅ Premier League។

ក្លឹបបិសាចក្រហម Manchester United, Arsenal, Manchester City និង Chelsea សុទ្ធតែត្រូវបានគេដឹងច្បាស់ថា បានចាប់អារម្មណ៍លើ Axel Disasi។ ថ្មីៗនេះ យោងតាមអ្នកកាសែតលោក Fabrizio Romano បានអះអាងថា ក្លឹប Newcastle United និង Manchester United ជាក្លឹបដែលទំនាក់ទំនងជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ និងកំពុងស្វែងរកឱកាស ដើម្បីចុះហត្ថលេខាលើ Disasi ប៉ុន្តែក្លឹបទាំងពីរមិនទាន់ដាក់សំណើជាផ្លូវការណ៍នៅឡើយទេ។

ប្រភព: Sportsmole
