បាល់ទាត់អន្តរជាតិ
បិសាចក្រហមចង់បានយ៉ាងតិច 50 លានផោន ពីក្លឹបដែលចង់ទិញយក Harry Maguire

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ខ្សែការពារកណ្ដាលរបស់ខ្លួន ជាមួយនឹងតម្លៃ 50 លានផោន ដែលនេះជាតម្លៃខ្លួនរបស់កាពីតែនក្រុម Harry Maguire នៅរដូវក្តៅនេះ។ ស្ថានភាពបច្ចុប្បន្ន ខ្សែការពារអង់គ្លេសរូបនេះ ស្ទើរតែលែងក្លាយជាផ្នែកមួយរបស់ក្លឹបបិសាចក្រហមទៅហើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនក៏មិនពេញចិត្តនឹងទម្រង់លេងរបស់គាត់ផងដែរ។
ចាប់តាំងពីក្លឹបបិសាចក្រហម Manchester United បានចាញ់ក្រោមស្នាដៃរបស់ក្លឹប Brentford និង Brighton ក្នុងការប្រកួត Premier League នៅរដូវកាលឆ្នាំ 2022-2023 ខ្សែការពារ Harry Maguire បានបាត់បង់តំណែងលេងស្ទើរតែទាំងស្រុងទៅហើយ ដោយគ្រូបង្វឹកបានរៀបចំប្រព័ន្ធខ្សែការពារថ្មី ដែលល្អប្រសើរជាងពីមុន។ ជាលទ្ធផលកីឡាករចំណូលថ្មី Lisandro Martinez បានសម្របខ្លួនយ៉ាងរហ័សជាមួយនឹងការចាប់ដៃគូគ្នាជាមួយ Raphael Varane។
ថ្វីត្បិតតែអ្នកគាំទ្រមិនពេញចិត្ត និងទាមទារឲ្យលក់ Harry Maguire ចេញក៏ដោយ គាត់នៅមានកុងត្រារយៈពេល 2 ឆ្នាំទៀតនៅ Old Trafford ហើយថ្មីៗនេះកាសែត Manchester Evening News បានអះអាងថា បិសាចក្រហមបានទម្លាក់តម្លៃ 50 លានផោន ដែលជាតម្លៃនៃការលក់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ខណៈដែលតម្លៃដែលបិសាចក្រហមបានទិញគាត់ពី Leicester City រហូតដល់ 80 លានផោន។
ប្រភព: Sportsmole