Connect with us

បាល់ទាត់អន្តរជាតិ

Pochettino ប្រាប់​ថា គាត់​កំពុង​រក​វិធី​ជួយ Dele Alli ឲ្យ​ក្លាយ​ជា​កីឡាករ​ដ៏​លេចធ្លោរ​ឡើង​វិញ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea លោក Mauricio Pochettino បាន​និយាយ​ថា គាត់​ចង់​ជួយ​ខ្សែ​បម្រើ​ប្រយុទ្ធ Dele Alli របស់ Everton ឲ្យ​មាន​អាជីព​បាល់ទាត់​ដ៏​ល្អ​ប្រសើរ​ឡើង​វិញ។ យ៉ាង​ណា​មិញ Pochettino និង Dele Alli ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Tottenham Hotspur រហូត​ដល់​គ្រូ​បង្វឹក​រូប​នេះ​ចាកចេញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ 2019។

បន្ត​ពី​នោះ​មក អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង​ជា​ខ្លាំង ដោយ​បាន​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប Everton។ ទម្រង់​លេង​ដ៏​អាក្រក់​នៃ​អាជីព​បាល់ទាត់​របស់​គាត់​នៅ​តែ​បន្ត និង​ត្រូវ​បាន Everton ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​ក្លឹប Besiktas ដែល​ជា​ក្លឹប​នៃ​​ប្រទេស​ទួរគី។

បច្ចុប្បន្ន Dele Alli បាន​ត្រឡប់​មក Goodison Park វិញ​ហើយ បន្ទាប់​ពី​ចប់​ភារកិច្ច​ខ្ចី​ជើង​នៅ Besiktas ស្រប​ពេល​ដែល Everton បញ្ចប់​រដូវកាល​មុន​ជាមួយ​នឹង​ចំណាត់​ថ្នាក់​ក្បែរ​បាត​តារាង និង​ស្ទើរតែ​ធ្លាក់​ទៅ​លេង​នៅ Championship។ ដោយ​ឡែក​ថ្មីៗ​នេះ​លោក Pochettino ដែល​ជា​គ្រូ​ថ្មី​របស់​តោខៀវ Chelsea គ្រោង​នឹង​ទាក់ទង​ទៅ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ និង​កំពុង​រក​វិធី​ដើម្បី​អាច​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ឡើង​វិញ។

លោក Mauricio Pochettino បាន​និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ពេល​វេលា​ខ្លះ​ដើម្បី​គាត់ ព្រោះ​គាត់​ជា​មនុស្ស​ពូកែ ហើយ​ខ្ញុំ​ចង់​និយាយ​ជាមួយ​គាត់​បន្តិច​ហើយ​ស្តាប់​គាត់។ ខ្ញុំ​ចង់​​ជួយ​គាត់ ហើយ​មើល​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់។ គាត់​នៅ​ក្មេង​នៅ​ឡើយ ហើយ​ប្រាកដ​ណាស់ គាត់​នៅ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​ជាមួយ​បាត់ទាត់​នៅ​ឡើយ…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២