Connect with us

បាល់ទាត់អន្តរជាតិ

Dele Alli លាត​ត្រដាង​ការពិត ដែល​ខ្លួន​ធ្លាប់​​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​អាយុ​ 6 ឆ្នាំ និង​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​អាយុ 8 ឆ្នាំ

Published

on

កីឡាករ​សញ្ជាតិ​អង់គ្លេស Dele Alli បាន​លាត​ត្រដាង​ការ​ពិត​មួយ​ដោយ​ភាព​ក្លាហាន​ថា គាត់​បាន​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​អាប់អួរ ដោយ​ក្លាយ​ជា​មនុស្ស​ញៀន​ថ្នាំ​ងងុយ​គេង និង​ត្រូវ​ប្រឈម​មុខ​នឹង​ជីវិត​កុមារភាព​ដ៏​ឈឺចាប់​របស់​គាត់​មិន​អាច​បំភ្លេច​បាន។ នៅ​ក្នុង​បទសម្ភាសន៍​ដ៏​ក្រៀមក្រំ​ជាមួយ The Overlap ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Everton រូប​នេះ​បាន​និយាយ​ដោយ​បើក​ចំហ​អំពី​ការ​លំបាក​របស់​គាត់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

កាល​ពី​មុន Dele Alli ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថាជា​កីឡាករ​ម្នាក់​ដ៏​មាន​​ទេព​កោសល្យ ជា​ពិសេសគាត់​បាន​ឡើង​ជើង​ខ្លាំង​នៅ Tottenham Hotspur។ គួរ​ឲ្យ​ស្ដាយ ​អាជីព​បាល់ទាត់​ដ៏​លេចធ្លោរ​របស់​គាត់ បាន​ប្រែក្លាយ​ទៅ​ជា​អួរអាប់ បូក​ផ្សំ​ទាំង​របួស និង​បញ្ហា​ផ្លូវចិត្ត​របស់​គាត់​ផង​ដែរ។

និយាយ​ដោយ​ត្រង់​នៅ​ក្នុង​បទសម្ភាសន៍​តទល់​នឹង Gary Neville ខ្សែ​ប្រយុទ្ធ​ស្លាប Dele Alli បាន​បង្ហើប​ថា ថ្មីៗ​នេះ​គាត់​បាន​ចំណាយ​ពេល​នៅ​ក្នុង​កន្លែង​សម្រាក​ព្យាបាល​មួយ ដើម្បី​កែប្រែ​ខ្លួន​ពី​ការ​ញៀន​ថ្នាំ​ងងុយ​គេង។ Dele Alli ក៏​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​ពី​កុមារភាព​ដ៏​ឈឺ​ចាប់​របស់​គាត់ ដែល​លង​បន្លាច​គាត់​ដល់​បច្ចុប្បន្ន​នេះ។

Dele Alli បាន​ប្រាប់​ថា ខ្លួន​ធ្លាប់​ត្រូវបាន​មិត្តភក្ដិ​ម្ដាយ​បង្កើត​របស់​គាត់​ធ្វើ​បាប​ដោយ​បំពាន​ផ្លូវ​ភេទ នៅ​អាយុ 6 ឆ្នាំ។ គាត់​បាន​ចាប់ផ្តើម​ជក់​បារី​នៅ​ពេល​គាត់​អាយុ 7 ឆ្នាំ និង​ជួញ​ដូរ​ថ្នាំញៀន​នៅ​ពេល​គាត់​អាយុ 8 ឆ្នាំ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​នៅ​ក្មេង គាត់​ធ្លាប់​​ត្រូវ​បាន​បុរស​ម្នាក់​នៅ​​តំបន់​របស់​ខ្លួន ចង​ព្យួរ​ពីលើ​ស្ពាន​ទៀត​ផង។

Dele Alli បាន​បន្ថែម​ទៀត​ថា គាត់​មាន​អារម្មណ៍​ថា ឪពុកម្តាយ​បង្កើត​របស់​គាត់​បាន​ក្បត់​គាត់​ពី​ក្រោយ​ខ្នង ហើយ​មិនមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទាក់ទង​ជាមួយពួកគេ​ទាំង​ពីរ​នាក់​នោះ​ទេ។ ផ្សេង​ពី​នេះ​ទៀត Dele Alli បាន​​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​បាន​គិត​ចង់​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​អាយុ​ត្រឹមតែ 24 ឆ្នាំ​​ផង​ដែរ។ កីឡាករ​រូប​នេះ​ក៏​បាន​សរសើរ​លោក Mauricio Pochettino ថា ជា​គ្រូ​បង្វឹក​ល្អបំផុត ក្នុង​ចំណោម​គ្រូ​ទាំង​អស់​ដែល​គាត់​ធ្លាប់​លេង​ជាមួយ។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២