បាល់ទាត់ជាតិ
មកដឹងមូលហេតុដែល Loic Chan ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិ U-23

កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីបញ្ជីឈ្មោះកីឡាករផ្លូវការណ៍ទាំង 23 នាក់ចុងក្រោយសម្រាប់ការធ្វើដំណើរទៅប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 17 ដល់ 26 ខែសីហា ឆ្នាំ 2023។
យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកីឡាករខ្មែរកូនកាត់បារាំង Loic Chan មិនមានក្នុងបញ្ជីឈ្មោះកីឡាករទាំង 23 នាក់ឡើយ។ អ្នកគាំទ្រជាច្រើនបានសម្ដែងការខកចិត្តចំពោះរឿងនេះ ខណៈដែល Loic Chan គឺកីឡាករដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ចាត់ទុកថា ជាអនាគតដ៏ល្អសម្រាប់ក្រុមជម្រើសជាតិ។
ទាក់ទងនឹងការដកឈ្មោះចេញនេះដែរ មិនមែនដោយសារសមត្ថភាពរបស់គាត់មិនដល់កម្រិតដែលគ្រូបង្វឹកចង់បាននោះឡើយ តែវាពាក់ព័ន្ធនឹងឯកសារសញ្ជាតិរបស់គាត់។ តាមសម្ដីឪពុករបស់ Loic Chan លោក Maurice Chan បានបញ្ជាក់ប្រាប់ PEAK Sports ថា៖ “Loic Chan មិនអាចធ្វើដំណើរទៅប្រទេសថៃជាមួយក្រុមជម្រើសជាតិឡើយ ពីព្រោះគាត់នៅរង់ចាំឯកសារ (ពាក់ព័ន្ធនឹងសញ្ជាតិ)… វាពិតជាគួរឲ្យខកចិត្តសម្រាប់គាត់ ក៏ដូចជាសម្រាប់យើងផងដែរ… ប៉ុន្តែសូមអត់ធ្មត់ ហើយសង្ឃឹមថាគាត់អាចមកទីនេះម្ដងទៀតនៅពេលក្រោយ”។
ប្រភព: PEAK Sports