បាល់ទាត់អន្តរជាតិ
Juventus ចាប់អារម្មណ៍លើអតីតខ្សែបម្រើមួយរូបរបស់ Barcelona

ខ្សែបម្រើ Andre Gomes ដែលធ្លាប់ជាអតីតកីឡាករឆ្នើមមួយរូបរបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅផ្ទេរមួយសម្រាប់ក្លឹបយក្សអ៊ីតាលី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Everton របស់អង់គ្លេស។
ទោះជាយ៉ាងណាក៏ដោយ កាលពីរដូវកាលមុន គាត់បានខ្ចីជើងពេញមួយរដូវកាលទៅទឹកដីបារាំងជាមួយក្លឹប Lille។ ក្នុងអំឡុងពេលខ្ចីជើងនៅ League 1 ខ្សែបម្រើ Andre Gomes មានទម្រង់លេងលេចធ្លោរគួរសម ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 26 លើកនៅក្នុងក្របខណ្ឌលីគកំពូល។
ក្រោយចប់ភារកិច្ចខ្ចីជើង Everton មិនបានសម្រេចចិត្តលក់កីឡាករវ័យ 30 ឆ្នាំរូបនេះឡើយ ដោយបាននាំយកគាត់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា ពេលនេះរបាយការណ៍ពី CalcioMercato បានអះអាងថា ថ្មីៗនេះ Andre Gomes បានទទួលការចាប់អារម្មណ៍ពីក្លឹបសេះបង្កង់ Juventus ដែលពួកគេមើលឃើញថា ការចុះហត្ថលេខាលើកីឡាកររូបនេះ ជាជម្រើសដ៏ល្អមួយ ព្រោះគាត់មានតម្លៃខ្លួនទាប និងដើម្បីដោះស្រាយបញ្ហានៅតំបន់បម្រើបច្ចុប្បន្នរបស់ពួកគេ។
ប្រភព: Sportsmole