បាល់ទាត់អន្តរជាតិ
Barcelona និង Atletico Madrid ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិអាមេរិក ដែលកំពុងឡើងជើងខ្លាំង
រដូវកាលនេះ មិនមែនជារដូវកាលដ៏ល្អបំផុតរបស់ Real Betis នោះទេ បើទោះបីជាពួកគេអាចបញ្ចប់រដូវកាលដោយឈរនៅចំណាត់ថ្នាក់ប្រហាក់ប្រហែល រឺដូចរដូវកាលមុន។ ខ្សែបម្រើប្រយុទ្ធ Isco Alarcon គឺជាកីឡាករដែលមានទម្រង់លេងលេចធ្លោរខ្លាំងរបស់ Real Betis។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កីឡាករម្នាក់ទៀតដែលមានទម្រង់លេងមិនចាញ់ Isco ដែរនោះគឺ Johnny Cardoso។ ខ្សែបម្រើសញ្ជាតិអាមេរិករូបនេះ បានចូលរួមជាមួយ Real Betis ក្នុងខែមករា ដោយផ្ទេរពីក្លឹប Internacional។ ភ្លាមៗនោះគាត់បានសម្របខ្លួនយ៉ាងល្អទៅនឹងបាល់ទាត់អេស្ប៉ាញ ហើយធ្វើឲ្យទម្រង់លេងរបស់គាត់កាន់តែល្អ និងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួន។
យោងតាមកាសែត Diario de Sevilla បានឲ្យដឹងថា ក្លឹប Barcelona និង Atletico Madrid ជាក្លឹប 2 ស្ថិតក្នុងចំណោមក្លឹបផ្សេងៗទៀតដែលចាប់អារម្មណ៍លើការផ្ទេរ Johnny Cardoso នារដូវក្តៅខាងមុខនេះ។ ក្លឹបទាំង 2 កំពុងត្រូវការខ្សែបម្រើការពារ ហើយដោយសារតែ Johnny Cardoso មានអាយុត្រឹមតែ 22 ឆ្នាំ ការចុះហត្ថលេខាលើរូបគេ នឹងក្លាយជារឿងដ៏ល្អបំផុតមួយ សម្រាប់ផែនការរយៈពេលវែង។
Real Betis នឹងអាចលក់ Cardoso បន្ទាប់ពីទិញគេចូលក្លឹបត្រឹមតែ 6 ខែប៉ុណ្ណោះ។ ពួកគេបានទិញគាត់ក្នុងតម្លៃ 6 លានអឺរ៉ូ។ Real Betis កំណត់តម្លៃលក់ចេញរបស់កីឡាករវ័យក្មេងរូបនេះ 30 លានអឺរ៉ូ ដែលតម្លៃនេះពិតជាទាក់ទាញការហ៊ានចំណាយពី Barcelona និង Atletico Madrid។
ប្រភព: Football-espana