Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ដាក់​តម្លៃ​លក់​ខ្សែបម្រើ Thomas Partey

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ថ្មីៗ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​តម្លៃ​លក់​សម្រាប់​ខ្សែ​បម្រើ Thomas Partey រួច​ហើយ នៅ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​ខាង​មុខ។ កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ចូល​រួមជា​មួយ​ក្រុម​របស់​លោក Mikel Arteta ដោយ​ផ្ទេរ​ពី​ក្លឹប​អេស្ប៉ាញ Atletico Madrid ក្នុង​ខែ​តុលា ឆ្នាំ 2020 ជាមួយ​នឹង​តម្លៃ​ខ្លួន 45 លានផោន។

គិត​ចាប់​តាំង​ពី​ពេល​នោះ​មក Thomas Partey បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 104 ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​របស់ Arsenal។ ខ្សែបម្រើ​សញ្ជាតិ​ហ្គាណា​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​សំខាន់​របស់​កាំភ្លើងធំ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​របស់​គាត់​នៅ Emirates ហើយ​គាត់ គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ Arsenal មាន​កៅអី​លេង UEFA Champions League ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង Premier League កាល​ពី​រដូវកាល​មុន។

ទោះ​ជា​យ៉ាង​ណា នៅ​រដូវកាល​នេះ Thomas Partey មាន​របួស​ជា​ច្រើន បូក​ផ្សំ​ទាំង​វត្តមាន​របស់​ខ្សែបម្រើ​ចំណូល​ថ្មី Declan Rice ធ្វើ​ឲ្យ​គាត់​បាត់​បង់​ឱកាស​លេង រួម​ទាំង​លែង​ជា​ផ្នែក​សំខាន់​របស់​ក្រុម​ទៀត​ហើយ។ គេ​បាន​ដឹង​ថា Arsenal មាន​ការ​ខក​ចិត្ត​ជាមួយ​នឹង​បញ្ហា​របួស​របស់​ខ្សែបម្រើ​រូប​នេះ ហើយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​លក់​គាត់​ចេញ​នា​រដូវក្តៅ​នេះ។ យោង​តាម Fichajes បាន​ឲ្យ​ដឹង​ថា Arsenal នឹង​សុខ​ចិត្ត​លក់ Partey ក្នុង​តម្លៃ​ត្រឹមតែ 15 លានអឺរ៉ូ (12.8 លានផោន) ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២